Detail Top Banner

ក្រុមជម្រើសជាតិកម្ពុជា ចេញដំណើរទៅប្រកួតវគ្គជម្រុះ FIFA World Cup

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានការលើកទឹកចិត្ត ក្នុងពិធីសំណេះសំណាលជាមួយ ឯកឧត្តម នាយ ឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ មុនពេលដែលក្រុមកម្ពុជា ហោះហើរ​ទៅកាន់ប្រទេសបារ៉ែន ដែលជាទឹកដីកណ្តាលនៃការ ប្រកួតចំនួន៣ប្រកួត ចុងក្រោយនៃវគ្គជម្រុះបាល់ទាត់ពិភពលោក (FIFA WORLD CUP QATAR 2022) ជុំទី២ ពូល C។

ក្រុមជម្រើសជាតិកម្ពុជាបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង១១ និង៥៥នាទី​យប់ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឆ្ពោះទៅកាន់ប្រទេសបារ៉ែន ដោយត្រូវចំណាយ ពេល ៣៨ម៉ោង ក្នុងនោះ ជើងហោះហើររបស់ក្រុមកម្ពុជាត្រូវចុះចត​នៅ​ទីក្រុង​​អ៊ីនឆ័ន សាធារណកូរ៉េ ដោយត្រូវរង់ ចាំ១៦​ម៉ោងនិង៣០នាទី មុនបន្តដំណើរឆ្ពោះទៅទីក្រុង ឌូបៃ នៃប្រទេសអារ៉ាប់រួម ដែលត្រូវ​រង់ចាំ ៩ម៉ោង និង​៤០នាទីបន្ថែមទៀត មុនពេលឆ្ពោះទៅកាន់ប្រទេសបារ៉ែន។ បន្ទាប់មក ជើងហោះហើរនេះ នឹងទៅដល់ នាវេលាម៉ោង ២និង២៥ នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

ក្រុមជម្រើសជាតិកម្ពុជានៅសល់ពេលហ្វឹកហាត់០៤ ឬ០៥ថ្ងៃ មុនពេលប្រកួតផ្លូវការជាមួយម្ចាស់ផ្ទះ បារ៉ែន នាវេលាម៉ោង១១ និង៣០​នាទី​យប់ (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅ​ប្រទេសកាតា ឆ្នាំ២០២២។ ក្រុមកម្ពុជា នឹងត្រូវបន្ត ជួប ប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ និង​១ប្រកួតចុងក្រោយ ត្រូវប៉ះ ជាមួយ ក្រុមជម្រើសជាតិ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែនដូចៗគ្នា។

សូមរម្លឹកថា កាលពីជំនួបជើងទី១ ក្នុងពូល C នេះ បានធ្វើឡើងកាលពីឆ្នាំ២០១៩ ដោយក្រុមម្ចាស់ផ្ទះ ក្រុម​​កម្ពុជាបានប្រកួតចាញ់​ក្រុមភ្ញៀវ បារ៉ែន ដោយលទ្ធផល ០ទល់១ ក្រុមម្ចាស់ផ្ទះកម្ពុជា បានប្រកួតចាញ់ ក្រុម​ភ្ញៀវអ៊ីរ៉ាក់ ០ទល់៤ និងពេលជួបជាមួយ​ក្រុម​ម្ចាស់ផ្ទះ អ៊ីរ៉ង់ គឺក្រុមភ្ញៀវ កម្ពុជាបានរហូត គ្រាប់បាល់រហូតដល់ ០ទល់១៤។ ក្រុមកម្ពុជាបានធ្លាក់ចេញពីវគ្គជម្រុះជុំទី២នៅក្នុងពូលCនេះហើយ ដោយឆ្លងកាត់​៥ប្រកួត​កន្លង​មក ស្មើ១ប្រកួត និងចាញ់៤ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុម (អ៊ីរ៉ាក់ បារ៉ែន អ៊ីរ៉ង់ ហុងកុង កម្ពុជា)។ ដូច្នេះហើយ៣ប្រកួតចុងក្រោយក្នុងពូល C របស់ក្រុមកម្ពុជា គឺជា ប្រកួតបង្គ្រប់កិច្ច ដែល​៣ក្រុមត្រូវប៉ះជាមួយក្រុមកម្ពុជា នាដើមខែមិថុនា ខាងមុខឆាប់ៗនេះ សុទ្ធសឹងជា ក្រុម​ខ្លាំងៗ ប្រចាំទ្វីបអាស៊ី។ បើគិតលើចំណាត់ថ្នាក់ប្រចាំទ្វីបអាស៊ី បច្ចុប្បន្ន គឺក្រុមអ៊ីរ៉ង់ ឈរលេខ២ (ចំណាត់ ថ្នាក់ពិភពលោក ឈរលេខ​៣១) អ៉ីរ៉ាក់ លេខ៨ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៦៨) និង ក្រុមបារ៉ែន ឈរលេខ១៦ (ចំណាត់​ថ្នាក់​ពិភពលោក ឈរលេខ​៩៨) ខណៈកម្ពុជា ឈរលេខ៣៨ (ចំណាត់ ថ្នាក់ពិភព​លោក ១៧៤)៕ by AKP

អត្ថបទដែលជាប់ទាក់ទង