បុរសម្នាក់ជាបើកផាស់អាប់ជូនឪពុកទៅស្រុកកំណើតត្រឡប់មកវិញជួបគ្រោះថ្នាក់ចរាចរណ៍បុកគូទរថយន្តកុងតឺន័រស្លាប់

ភ្នំពេញ៖ បុរសស្លាប់មួយរំពេច ខណៈដែលជូនឪពុកទៅស្រុកកំណើត ពេលត្រឡប់មកវិញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តកុងតឺន័រគេចតទុកចោលលើចិញ្ចើមថ្នល់ គ្មានដាក់សញ្ញាសំគាល់គ្រោះថ្នាក់ជាដំណឹងហើយអ្នកបើកម៉ូតូកង់បីឥណ្ឌា(ផាស់អាប់)បើកបរល្បឿនលឿនពេកទៅបុករថយន្តកុងតឺន័រខាងលើពីក្រោយមើលទៅគួរឲ្យរន្ធត់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃ២៧ ខែឧសភាឆ្នាំ២០២១ ស្ថិតនៅក្រោយសាលារៀនជម្ពូវ័ន តាមបណ្ដោយផ្លូវកប់ស្រូវ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះជនរងគ្រោះបានបើកផាស់អាប់មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1IM-5598 ព៌ណស ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន ស្របទឹសគ្នាជាមួយរថយន្ត។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើមានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 4A-0670 ដែលគេចតចោលនៅស្ងៀមលើិចិញ្ចើមថ្នល់ក៏បណ្តាលឲ្យបុកគូទរថយន្តកុងតឺន័រស្លាប់មួយរំពេចភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

បើតាមប្រភពពីសាច់ញាតិសពរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ គឹមសុន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរអតីតយោធិនចូលនិវត្តន៍ និងជាធ្វើការជាអ្នកកាសែតនៅអង្គភាព កូនខ្មែរម្ចាស់ប្រទេសហើយជនរងគ្រោះជូនឪពុកទៅស្រុកកំណើតនៅស្រុកឧដ្ដុង្គ បានវិលត្រឡប់មកវិញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតចោលប្រពន្ធ និងកូន៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងយកផាស់អាប់និងរថយន្តកុងតឺន័រដើម្បីយកទៅរក្សាទុកនៅស្នងការនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់ ចំណែកឯក្រុមគ្រួសារសព បានដឹកសពតាមរថយន្តយកទៅធ្វើបុណ្យនៅវត្តជម្ពូវ័នតាមប្រពៃណីផងដែរ៕ រាយការណ៍ដោយ P១៩

