ពិធីប្រកាសផ្ទេរតែងតាំងនិងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តកំពតក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ខេត្តកំពត​៖ ថ្ងៃ​សុក្រ ២​រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ ២០២១ ខេត្តកំពត​ បានធ្វើ​ពិធី​ប្រកាស​ផ្ទេរ តែងតាំង​និង​ចូលកាន់​មុខតំណែង ប្រធាន​សាលាដំបូង​ខេត្តកំពត ក្រោម​អធិបតីភាព ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ។​

​ពិធី​នេះ​បានធ្វើ​ឡើង​នៅ​សាលាដំបូង​ខេត្ត​ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស ពី​សំណាក់ ឯកឧត្តម ជាវ តា​យ​ អភិបាលខេត្ត នៃគណៈអភិបាលខេត្ត និងលោកជំទាវថ្នាក់ដឹកនាំ លោក លោក ស្រី ប្រតិភូ​ក្រសួងយុត្តិធម៌ អភិបាលខេត្ត​ខេត្តកំពត និង​ខេត្ត​កែប​ព្រមទាំង ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​កងកម្លាំង​ប្រដាល់​វុ​ធ ក្នុង​ខេត្តកំពត​ផងដែរ​។​ ​យោងតាម​ព្រះរាជក្រឹត្យ បានតែងតាំង​ឯកឧត្តម លាង សំណាត់ ជា​ប្រធាន​សាលាដំបូង​ខេត្តកំពត ជំនួស​ឯកឧត្តម ឡុង កេស​ភី​រម្យ ដែល​ត្រូវ​ផ្ទេរ​ទៅជា​ប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ ។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ជាវ តា​យ​ អភិបាលខេត្ត ក្រៅពី​ជម្រាបជូន​អំពី​ស្ថានភាព​ភូមិសាស្ត្រ សក្ដា​នុពល​និង​សម​ទ្ធិ​ផល ដែល​រដ្ឋបាល​ខេត្តកំពត​សម្រេចបាន​កន្លង​មក​។ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ពាក់ព័ន្ធ​វិស័យ​យុត្តិធម៌ ដែល​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​សាលាដំបូង​ខេត្តកំពត​ដែល តែងតែបាន​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត និង​បានធ្វើ​ឲ្យ​ការផ្ដល់សេវា​យុត្តិធម៌​បម្រើ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​វិជ្ជាជីវៈ​និង​ប្រសិទ្ធភាព​បានល្អ​ប្រសើរ​។​

មានប្រសាសន៍​សំណេះសំណាល​ឯកឧត្តម​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ថ្លែងអំណរគុណ​កោតសរសើរ ដល់​ឯកឧត្តម​អភិបាល​ខេត្តកំពត និង​ខេត្ត​កែប​ព្រមទាំង អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ ទាំងអស់ ក្នុង​ខេត្ត​ទាំងពីរ គឺ​ខេត្តកំពត​និង​ខេត្ត​កែប​តែងតែបាន​សហការ​ជាមួយ​សាលាដំបូង​និង​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក្នុងការ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បានល្អ​។

ពិសេស​ក្នុង​យុទ្ធនាការ​ដោះស្រាយ​សំណុំរឿង​កកស្ទះ ដែល​ដាក់ចេញ​ដោយ​ក្រសួងយុត្តិធម៌ ត្រូវបាន​ដោះស្រាយ​បញ្ចប់​សម្រេច​លទ្ធផល​ជោគជ័យ​។ តែ​ទោះបីយ៉ាងណា​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​​ក្រើនរំលឹក​ជាថ្មី ដល់​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំង​អស់នៃ​សាលាដំបូង​ខេត្ត​ទាំងពីរ​កំពត កែប ពិសេស​ឯកឧត្តម​លាង សំណាត់​ដែល​ទើប​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តកំពត​ថ្មី ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​បានល្អ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​ច្បាប់ និង​គោរព​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​ធានា​ឱ្យ​ការផ្តល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ធ្វើឡើង​បាន «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​» និង​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គចៅក្រម​បន្ថែមទៀត​៕ ដោយ​ មន្ទីរ​ព័ត៌មាន​ខេត្តកំពត (by AKP)

អត្ថបទដែលជាប់ទាក់ទង