ឃ្លាំងស្តុកទំនិញ របស់ឈ្មោះ ស ពុទ្ធា មានកម្មករសរុប ៥៣នាក់ ឆ្លងកូវីដ19

ភ្នំពេញ៖ នៅវេលាម៉ោង ៩ៈ០០នាទីព្រឹក ថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានចុះបិទទីតាំងឃ្លាំងស្តុកទំនិញ (ស្តុកទំនិញ) របស់ឈ្មោះ ស ពុទ្ធា មានកម្មករសរុប ៥៣នាក់ ដែលមានទីតាំង ស្ថិតនៅឃ្លាំងលេខ ៤៧០ ក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបញ្ជាក់ថាទីតាំងនេះ មានករណី រកឃើញ អ្នកវិជ្ជមាន មេរោគកូវីដ-១៩ សរុបចំនួន (៥៣នាក់) ជាកម្មករ ធ្វើការក្នុងឃ្លាំងស្តុកទំនិញ ដែលបានពាក់ព័ន្ធជាមួយ ឈ្មោះ ជាម ដា ភេទស្រី អាយុ៤៨ឆ្នាំ ជាជនអនាថា ដែលបានស្លាប់ដោយសារកូវីដ-១៩ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលមានទីតាំង ស្ថិតនៅទីតាំងជិតឃ្លាំងនោះផ្ទាល់ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានដឹកនាំធ្វើការហុំព័ទ្ធទីតាំងឃ្លាំងខាងលើនោះភ្លាម ហាមមិនឲ្យបងប្អូនប្រជាពលរដ្ឋដែរនៅក្បែរនោះនិងអ្នកឆ្លងកាត់មានការប៉ះពាល់បានឡើយ ម្យ៉ាងវិញទៀតអ្នកដែរបានពិនិត្យរួចហើយ(ធ្វើតេស្ត)គឺតំរូវអោយធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ បន្តទៀតក្នុងមូលដ្ឋានសង្កាត់ផងដែរ ៕ ប្រភព រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ



