Detail Top Banner

ករណីកម្មកររោងចក្រ ចំនួន ៣កន្លែង ស្ថិតនៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ប្រមូលផ្ដុំគ្នាតវា ឈានទៅដល់ការបិទផ្លូវ មិនឲ្យធ្វើចរាចរ

ខេត្តកំពង់ចាម៖ បើតាមសេចក្ដីរាយការណ៍ ពីអាជ្ញាធរស្រុកជើងព្រៃ ឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នេះ កម្មកររោងចក្រ ០៣កន្លែង គឺ ៖ រោងចក្រវ៉ាឡុងខេមបូឌា អៅសូលអិនដាសស្រ្ទី អិលធីឌី រោងចក្រម៉ាន់ឡុងស៊ូ ឯ.ក និងរោងចក្រឡុងឈឹងស៊ូផាត ឯ.ក បានប្រមូលផ្ដុំគ្នា ហើយមិនចូលធ្វើការ ដោយទាមទារឱ្យនាយករោងចក្រ ធ្វើតាមសំណូមពររបស់ខ្លួន តាមលក្ខណដូចខាក្រោម ៖
១.សុំធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ដោយទទួលប្រាក់ឈ្នួល ៥០%
២.សុំធ្វើការយកសំណាកកម្មកររោងចក្រទាំងអស់គ្នា
៣.សុំឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួល ជូនកម្មករនិយោជិកឱ្យបានទៀងទាត់ ។
សេចក្ដីរាយការណ៍ដដែល បញ្ជាក់ទៀតថា ផ្អែកតាមសំណូមពរនេះ នាយករោងចក្រ មិនទាន់ចេញមក​ដោះ​ស្រាយ រហូតឈានដល់កម្មករកម្មការនី ធ្វើការបិទផ្លូវធ្វើចរាចរឆ្លងកាត់ នៅចំណុចមុខរោងចក្រវ៉ាឡុង តែម្ដង ។
ដោយឡែក ក្រោមការដឹកនាំដោះស្រាយពី ឯកឧត្តម កៅ សុខអាន អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ចាម ក៏បានធ្វើការសម្របសម្រួល ដោយខាងភាគីខាងរោងចក្រ បានយល់ព្រម តាមសំណូមពររបស់កម្មករកម្មការនី ដែលបានស្នើឡើង តាមការព្រមព្រៀងដូចខាងក្រោម ៖
១.យល់ព្រមធ្វើតេសរហ័ស ដល់កម្មករកម្មការនីទាំងអស់ ដល់បងប្អូនក្នុងរោងចក្រវ៉ាឡុងខេមបូឌា អៅ​សូលអិនដាសស្រ្ទី អិលធីឌី រោងចក្រម៉ាន់ឡុងស៊ូ ឯ.ក និងរោងចក្រឡុងឈឹងស៊ូផាត ឯ.ក ។
២.រោងចក្រវ៉ាឡុង ខេមបូឌា អៅសូលអិនដាសស្រ្ទី អិលធីឌី អ្នករឃើញវិជ្ជមានកូវីដ ១៩ បញ្ជូនទៅព្យា​បាលនៅកំពង់ចាម ។ អ្នកប៉ះពា់ផ្ទាល់ ធ្វើចត្តាឡីស័កនៅតាមការរៀបចំ របស់ក្រុមហ៊ុន ពុំទទួលបានប្រាក់ឈ្នួលទេ តែក្រុមហ៊ុនទទួលខុសត្រូវ លើការផ្គត់ផ្គង់ជីវភាព ក្នុងកំឡុងពេលធ្វើចត្តាឡីស័ក ចំពោះ អ្នកប៉ះពាល់ប្រយោលធ្វើចត្តាឡីស័ក នៅតាមផ្ទះដោយទទួលប្រាក់ឈ្នួលចំនួន ៥០% ។ រោងចក្រម៉ាន់ឡុងស៊ូ ឯ.ក និងរោងចក្រឡុងឈឹងស៊ូផាត ឯ.ក លទ្ធផលអវិជ្ជមាន កម្មករយល់ព្រមចូលធ្វើការងារវិញ នៅថ្ងៃចន្ទទី៣១ ខែឧសភា ឆ្នាំ២០២១ ប៉ុន្តែបើវិជ្ជមាន ភាគីទាំងពីរ យល់ព្រមអនុវត្តតាមនីតិវិធីច្បាប់ ។
៣.ក្រុមហ៊ុនយល់ព្រម បើកប្រាក់ឈ្នួលឱ្យបានទៀងទាត់ ជូនកម្មករនិយោជិត តាមច្បាប់ស្ដីពីការងារនិងលិខិតបទដ្ឋានជាធរមាន។ កម្មករកម្មការនី ដែលធ្វើកូដកម្មនៅថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនយល់ព្រមឱ្យប្រើប្រាស់ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងច្បាប់ធុរៈ ៕
អត្ថបទដែលជាប់ទាក់ទង