ទស្សនៈ លោកបណ្ឌិត គិន ភា ៖ កម្ពុជា និងសហរដ្ឋអាម៉េរិក ទំនាក់ទំនង និងទំនុកចិត្តដែលត្រូវស្តារវិញ
ទស្សនៈ ៖ ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងនៅខែ កក្កដា ឆ្នាំ១៩៥០ បើគិតមកដល់ពេលនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានរយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនងនេះហាក់នៅមិនទាន់ពេញវ័យទៅតាមអាយុកាលរបស់វានៅឡើយ។ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មានតាំងពីមុន និងក្រោយកម្ពុជាទទួលឯករាជ្យមកម្ល៉េះ។
ក្នុងរយៈពេលជាង៧០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកមានភាពចម្រុះ ម្តងរះម្តងលិច ម្តងឡើងម្តងចុះ គ្មានស្ថិរភាព ហើយប្រទេសទាំងពីរក៏ធ្លាប់បានផ្តាច់ទំនាក់ទំនងការទូតជាមួយគ្នាម្តងជាពីរដងផងដែរ។ ទោះបែបនេះក្តី ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហាក់មានការរីកចម្រើនលើវិស័យមួយចំនួន នាទសវត្សរ៍ចុងក្រោយនេះ។ ក្រោមរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា គោលនយោបាយរបស់សហរដ្ឋអាម៉េរិក បានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើអាស៊ាន ក៏ដូចជាអាស៊ីទាំងមូល។ សហរដ្ឋអាម៉េរិកបានពង្រឹងភាពជាដៃគូរបស់ខ្លួនមានលក្ខណៈស៊ីជម្រៅជាមួយសមាជិកនានារបស់អាស៊ាន ក្នុងនោះរួមទាំងកម្ពុជាផងដែរ។
ទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយកម្ពុជា ត្រូវបានតាក់តែង និងរៀបចំដោយផ្អែកលើយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិកឆ្ពោះមកកាន់អាស៊ី (Pivot to Asia Strategy) ដែលជាយុទ្ធសាស្ត្រមានលក្ខណៈជីវភាព និងទូលំទូលាយ។ យុទ្ធសាស្ត្រនេះផ្តោតលើសកម្មភាពជាច្រើន រួមមានការពង្រឹងសម្ព័ន្ធភាពសន្តិសុខទ្វេភាគី ការបង្កើតវត្តមានយោធាដែលមានមូលដ្ឋានទូលំទូលាយ ការចូលរួមក្នុងយន្តការស្ថាប័នពហុភាគីក្នុងតំបន់ ការពង្រីកពាណិជ្ជកម្ម និងវិនិយោគ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាដើម ដែលការណ៍នេះមិនត្រឹមតែដើម្បីសម្រេចផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងគុណតម្លៃរបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍ផងដែរ។
ប្រទេសចិនក្តី សហរដ្ឋអាម៉េរិកក្តី សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាចាំបាច់ត្រូវរកមធ្យោបាយធ្វើឱ្យមានតុល្យភាពទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ដើម្បីទទួលបាននូវផលប្រយោជន៍ជាអតិបរិមាលើវិស័យនយោបាយ សេដ្ឋកិច្ច និងការទូត ហើយមិនគួរផ្តល់សារៈសំខាន់ដល់អំណាចណាមួយលើមហាអំណាចមួយទៀតនោះទេ។ ជារួមទៅ កម្ពុជា និងសហរដ្ឋអាម៉េរិក នៅមានឱកាសច្រើន និងមានលម្ហទូលំទូលាយក្នុងការជួសជុលទំនាក់ទំនងរបស់ខ្លួន និងការបិទភ្ជិតគម្លាតនៃទំនុកចិត្តរវាងគ្នានឹងគ្នា។ យើងសង្ឃឹមថា មេរៀននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រយៈពេល៧០ឆ្នាំមកនេះ វាគ្រប់គ្រាន់សម្រាប់ប្រទេសទាំងពីរប្រើប្រាស់ ដើម្បីពូនជ្រុំទំនាក់ទំនងរបស់ខ្លួនឱ្យមានស្ថិរភាព ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងរឹងមាំសម្រាប់រយៈពេល៧០ឆ្នាំទៅមុខ និងយូរអង្វែងទៅអនាគតទៀត៕