ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៨២គ្រួសាររស់នៅក្នុងភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោកនាយកនាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរស្រុកកោះញែក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៨២គ្រសារ រស់នៅក្នុងភូមិ ក្តោយ ឃុំរយ៉ ស្រុកកោះញែក។
នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ពាំនាំនូវការសួរសុខទុក្ខនិងនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចទាំងទ្វេរតែងតែគិតគូដល់អាណិតអាសូរដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ទោះបីសម្តេចមិនបានចុះមកផ្ទាល់ តែតាមរយះអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងាររបស់ក្រុងស្រុក និងខេត្ត តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋជានិច្ច។
ឯកឧត្តមបានបន្តថា ជាក់ស្តែងប្រជាពលរស់រដ្ឋនៅក្នុងភូមិ ក្តោយ ឃុំរយ៉ ស្រុកកោះញែក ចំនួន ៨២គ្រួសារ រងនូវការខ្វះខាតក្នុងជីវភាពគ្រួសារ បានទទួលអំណោយពី រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីធ្វើការដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទោះបីអំណោយទាំងនេះមិនច្រើនក៏ពិតមែន ប៉ុន្តែជាទឹកចិត្តរបស់អាជ្ញាធរខេត្តសម្រាប់ជួយសម្រួលនូវការផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋបានមួយគ្រាៗផងដែរ។
ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋ ត្រូវគិតគូពីសុខភាព ជាពិសេសការ ការពារជំងឺកូវីដ១៩ ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ និងខិតខំធ្វើការដាំដុះដំណាំបន្លែ ធ្វើស្រែចំការ ដើម្បីបង្កើនការដោះស្រាយក្នុងជីវភាពគ្រួសារប្រចាំថ្ងៃឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។
អំណោយដែលផ្តល់ជូននាពេលនោះ ក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម មី ១កេះ ទឹកត្រី ៣ដប ទឹកស៉ីអ៉ីវ ១ដប ទឹកម្ទេស ១ដប ត្រីខចំនួន ៥កំប៉ុង និងអំបិល ១គីឡូក្រាម។
ឆ្លៀតក្នុងឱនោះដែរ ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ ដល់គ្រូបង្រៀន និងមន្រ្តីសុខាភិបាលនៅមណ្ឌលសុខភាព ដោយបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគមួយចំនួន៕