ដីព្រៃលិចទឹករាប់សិបហិតានៅក្នុងតំបន់៣ ត្រូវបានឈ្មួញអ្នកមានលុយនិងមានអំណាចឃុបឃិតគ្នាទន្ទ្រាននិងហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិ

ខេត្តបាត់ដំបង៖ ដីព្រៃលិចទឹកតំបន់៣ ដែលជាជម្រកត្រីពងកូន ស្ថិតនៅចំណុចបឹងអាទំនប់ និងបឹងអូរកំបុត ក្នុងភូមិសាស្ត្រ ភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានឈ្មួញអ្នកមានលុយ ឃុបឃិតគ្នាជាប្រព័ន្ធ ឈូសឆាយ និងទន្ទ្រាន​យក និងកាន់កាប់រាប់​សិប​ហិកតា​យកធ្វើជាកម្មសិទ្ធិដោយគ្មានមន្ត្រីជំនាញណាមួយចុះបង្ក្រាបសោះឡើយ។
បើតាមប្រភពពីប្រជាពលរដ្ធដែលរស់នៅភូមិឃុំខាងលើ បានបញ្ជាក់ប្រាបអ្នកព័ត៌មានយើងនាពេលថ្មីៗនេះ​ថា ចាប់តាំងពីលោក គឹម ផុន នាយសង្កាត់ជលផលមកប្រចាំការនៅសង្កាត់ព្រែកកញ្ច្រែងរយៈពេល​តែ​ប៉ុន្មានថ្ងៃសោះ គឺបទល្មើសឈូសឆាយដីព្រៃលិចទឹក ចេះតែកើនឡើងជាបន្តបន្ទាប់ឥតឈប់ឈរ ប្រភពបានបន្តទៀតថា មូលហេតុបទល្មើសចេះតែកើតឡើងដោយសារមន្ត្រីជំនាញជលផលខាងលើនេះ អសមត្ថភាព ​មិនធ្វើការដើម្បីបម្រើជាតិ និងសង្គមទេ គឺគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងក្រុមគ្រួសារនិយម ហេតុនេះហើយ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង គួរតែមេត្តាមើលកូនចៅលោកផង បើនៅតែបន្តបណ្ដែតបណ្ដោយឲ្យមន្ត្រីគ្រាប់ល្ពៅឈ្មោះ គឹម ផុន នេះ ធ្វើការទៀត ដីព្រៃនៅតំបន់ហ្នឹង មុខជារលាយហិនហោចជាក់ជាពុំខានឡើយ ។
នៅពេលថ្មីៗនេះ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចេញបទបញ្ជាដល់មន្ទីរនានានិងមន្ត្រីជំនាញគ្រប់ស្ថាប័ន​ ឲ្យចុះឃ្លាំមើល និងពិនិត្យឲ្យបានហ្មត់ចត់ យ៉ាងណាក៏ដោយ ក៏លោក​នាយសង្កាត់មិនយកចិត្តទុកដាក់និងអនុវត្តតាមអនុសាសន៍របស់លោកអភិបាលខេត្តសោះឡើយ។
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំកំពូល ជាពិសេសឯកឧត្តមអភិបាលខេត្តមេត្តាពិនិត្យមើលមន្ត្រីក្រោមឱវាទទាំងនេះផង​បើនៅតែទុកលោក គឹម ផុន បម្រើការងារទៀត មុខជាដីព្រៃលិចទឹកខាងលើនេះ ដោយសារស្នាដៃលោកនេះ ជាក់ជាមិនខានឡើយ។ ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះដែរ លោក គឹម ផុន នាយសង្កាត់ជល​ផលប្រចាំព្រែកកញ្ច្រែង លោកបានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា មិនមានការកាប់ទន្ទ្រានព្រៃលិចទឹកទេ ហើយម្យ៉ាងទៀតលោកទើបតែមកប្រចាំការនៅទីនេះ មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយដែរ៕
អត្ថបទដែលជាប់ទាក់ទង