រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្សារក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨នាក់ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៨នាក់ នោះ មានអ្នកជំងឺម្នាក់ឈ្មោះ ចាន់ តារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានមកដល់ទីរួមស្រុកក្រឡាញ់ ព្រមទាំងបានចេញ-ចូល និងមានទំនាក់ទំនងជាមួយអាជីវករមួយចំនួនក្នុងផ្សារក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះ-អាសន្ន ផ្សារក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករផ្សារក្រឡាញ់ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងអ្នកធ្លាប់បានចេញ-ចូលផ្សារក្រឡាញ់ ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។