ប្រជាពលរដ្ឋថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលបានខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩មកចាក់ជូនប្រជាជន

ភ្នំពេញ៖ ប្រជាពលរដ្ឋទូទាំងប្រទេសបានថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលស្វះស្វែងបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនកម្ពុជា ក្នុងការធានាសុវត្ថិភាពសុខភាពនិងទប់ស្កាត់ការឆ្លងរីករាលដាលពីជំងឺដ៏កាចសាហាវនេះ។



លោក សុខ រដ្ឋា ប្រជាពលរដ្ឋដែលរស់នៅខណ្ឌច្បារអំពៅ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកពិតជាមានការរីករាយ និងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ព្រមទាំងបានស្វះស្វែងរកវ៉ាក់សាំង ការពារជំងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ ។

លោកបានបន្តថា ការទទួលបានវ៉ាក់សំាងកូវីដ១៩នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះវាបានបង្កើតភាពសុំានៅក្នុងខ្លួនជួយការពារខ្លួនគាត់ ព្រមទាំងក្រុមគ្រួសារមិនឱ្យឆ្លងជំងឺដ៏កាចសាហាវកូវីដ១៩ និងអាចធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋវិលទៅរកសភាពធម្មតាវិញ និងយើងរស់តាមបែបគន្លងថ្មី ។

លោកបានថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងសុខាភិបាល ដែលបានខ្នះខ្នែងរកវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាជនកម្ពុជា ដើម្បីជាផ្នែកមួយជួយការពារ ការឆ្លងពីជំងឺកូវីដ១៩ តែកុំភ្លេចចូលរួមអនុវត្ត ៣កុំ ៣ការពារ ។

ខ្ញុំសប្បាយចិត្ត បើបានចាក់ទូទាំងប្រទេសកាន់ តែល្អ បើយើងការពារជំងឺនេះបាន យើងក៏ស្រួលរកថវិកាសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ហើយខ្ញុំក៏សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនទាំងអស់ ទាំងមានទាំងក្រ ដើម្បីឱ្យគាត់បានចាក់គ្រប់គ្នា។

លោក ជា មករា ប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញបានបញ្ជាក់ថា រូបលោកបានស្ម័គ្រចិត្តទៅទទួលវ៉ាក់សំាងតាមការណែនាំរបស់អាជ្ញាធរ ព្រោះយល់ថា វ៉ាក់សំាងនេះនឹងជួយឱ្យរូបគាត់ក៏ដូចជា ក្រុមគ្រួសារមានរបាំងមួយជួយការពារការឆ្លងជំងឺកូវីដ១៩ ។

សូមបញ្ជាក់ផងដែរថា នៅក្នុងខែមិថុនានេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន៤លាន៥សែនដូសជាបន្តបន្ទាប់ទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យ យុទ្ធនាការចាក់វ៉ាក់សាំងប្រព្រឹត្តទៅដោយរលូន។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំស្វះស្វែងផ្តល់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់ តាមផែនការដែលបានគ្រោងទុក នៅក្នុងបំណាច់ឆ្នាំនេះ ឬដើមឆ្នាំ២០២២ ៕ by AKP

