សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សាខាខេត្តរតនគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនកុមារី ដែលរងគ្រោះដោយឪពុកបង្កើតចាប់រំលោភសេពសន្ថវៈ
ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងខេត្តរតនគិរី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សាខាខេត្តរតនគិរី ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសាកសួរសុខទុក្ខកុមារី មានឈ្មោះ ស.ប.ញ អាយុ០៩ឆ្នាំ មានទីលំនៅភូមិ៤ (គ៦០) ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ដែលរងគ្រោះដោយការរំលោភ ពីឪពុកបង្កើតចិត្តតិរច្ឆាន ចាប់រំលោភសេពសន្ថវៈមកលើកូនស្រី ជាច្រើនលើកច្រើនសារទើបបែកធ្លាយ។ ជនសង្ស័យជាឪពុកត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ នៅភូមិឃុំកើតហេតុខាងលើ។
ក្នុងឱកាសនៃការចុះសំណេះសំណាល និងសួរសុខទុក្ខនាឱកាសនេះ លោកជំទាវបានសម្ដែងនូវក្ដីអាណិតអាសូរយ៉ាងខ្លាំង ដល់ក្មួយស្រីដែលរងគ្រោះដោយសារឪពុកបង្កើតចិត្តតិរច្ឆាន បានធ្វើទង្វើមិនគប្បីមកលើកូនស្រីយ៉ាងដូច្នេះ។ លោកជំទាវក៏បានផ្ដាំផ្ញើដល់ម្ដាយកុមារីរងគ្រោះ ត្រូវខិតខំផ្ដល់ការស្រឡាញ់ មើលថែយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅអោយកូន និងមើលថែសុខភាពផ្លូវចិត្ត ផ្លូវកាយកូនអោយបានល្អ កុំអោយកុមារីរងគ្រោះមានជំងឺបាក់ទឹកចិត្ត។
សូមបញ្ជាក់ថា អំណោយដែលបាននាំមកជូននាពេលនេះរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួ ត្រីខ១យួ ទឹកស៊ីអីវ១យួរ សម្លៀកបំពាក់២ឈុត ព្រមទាំងថវិកាមួយចំនួនផងដែរ៕ ដោយ មន្ទីរព័ត៌មានខេត្ត