កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា ១លានដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នំពេញ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួល ជួបសវនការ និងប្រគល់ថវិកា $1,000,000 (មួយលានដុល្លារអាម៉េរិក) ជូន មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

ប្រភពពីកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា គណៈប្រតិភូនេះ ដឹកនាំដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូល និធិគន្ធបុប្ផាកម្ពុជា តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូល និធិគន្ធបុប្ផាកម្ពុជា ហើយថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលតំណាងដោយ លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស ក្នុងពេលនោះដែរ។

នៅក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ព្រមទាំងកោតសរសើរចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិ ដើម្បីទ្រទ្រង់ដល់ មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផា ទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ និងកុមារ កម្ពុជារាប់ពាន់ រាប់ម៉ឺននាក់ នៅទូទាំងប្រទេស។
ជាមួយគ្នានោះ លោកជំទាវ បានជម្រាបជូនអំពីសកម្មភាពកៀរគររកមូលនិធិក្នុងទិវា ៨ឧសភា និងការអនុវត្តសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយទឹកជំនន់នាពេលកន្លងមក។
នៅក្នុងឱកាសនោះ ឯកឧត្តម រស់ សីលវ៉ា ក្នុងនាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទ ក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលខិតខំស្វះស្វែងរកការឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ហើយបាន បន្តចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះបានបង្ហាញពីការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ដែលជាមូលធន មនុស្សនៅកម្ពុជា។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានរៀបរាប់ពីវឌ្ឍនភាពការងាររបស់មូលនិធិគន្ធបុប្ផា កម្ពុជា ទាំងក្នុងទិដ្ឋភាពប្រតិបត្តិការ និងទិដ្ឋភាពហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធនឹងការ កៀរគរ មូលនិធិ ដែលបាននិងកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលធ្វើឱ្យមានការថយ ចុះនៃទំហំ ថវិកាបរិច្ចាគពីសំណាក់សប្បុរសជននានា។
លោកវេជ្ជបណ្ឌិត Denis Laurent ក៏បានសម្តែងនូវការដឹងគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាបន្តបន្ទាប់ ជាពិសេសក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នាពេលនេះ ដែលនេះជាការឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ជួយសង្គ្រោះអាយុជីវិតដល់កុមារទាំងអស់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផា។
សូមបញ្ជាក់ថា នេះជាលើកទី៤ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយដែលត្រូវជាឆ្នាំទី១០ (១០លើក) សម្រាប់មន្ទីរ ពេទ្យកុមារគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ២០១២មក៕ by AKP