ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មការសាខាកាកបាទក្រហមរាជធានីភ្នំពេញ ទទួលអំណោយដ៏ថ្លៃថ្លាជាថវិកា​ តាមរយៈលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ថវិកាចំនួន ៣០ម៉ឺនដុល្លារ(សាមសិបម៉ឺនដុល្លារ) ដែលជាថវិការបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីនាំយកថវិកាទាំងនេះ ទៅបែងចែក និងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ដោយជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

ពិធីប្រគល់និងទទួលថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញុ។

ក្នុងនោះឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចគតិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រានី ហ៊ុនសែន ចំនួន ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកនេះ ក្នុងនាមរដ្ឋបាលរាជធានី និងក្នុងនាម សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នឹងយកទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះនិងរងគ្រោះ នៅរាជធានីភ្នំពេញ ឱ្យបានទាន់ពេលវេលា ។ ឯកឧត្តម ឃួង ស្រេង បានប្ដេជ្ញាចិត្តថា នឹងយកថវិកាទាំងនេះ ទៅបែងចែកឲ្យចំទិសដៅ មិនឲ្យសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ខុសបំណងនោះទេ ។
ឯកឧត្តម បញ្ជាក់ផងដែរថា ៖ ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌នេះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូច​ជា​ក្នុងនាម កាកបាទក្រហមរាជធានីភ្នំពេញ និងខិតខំកៀងគរសប្បុរសជនបន្ថែមទៀត ដើម្បីរកចំណូលឲ្យបានច្រើនយកទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈនេះ ។

ឯកឧត្តម បញ្ជាក់ទៀតថា ៖ ការរីករាលដាលជម្ងឺ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេច​គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំណោយកាកបាទក្រហមកម្ពុជា និងសប្បុរសជននានាទៅចែកជូន​ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានចំនួនជាង ៤៥ម៉ឺនគ្រួសារហើយ គិតមកដល់ពេលនេះ។សកម្មភាពនៃការផ្ដល់អំណោយចែកជូនប្រជាពលរដ្ឋក្នុងស្ថានភាពកូវីដ-១៩នេះ ប្រជាពលរដ្ឋមួយចំនួនធំត្រូវបានអាជ្ញាធររាជធានីភ្នំពេញ យកទៅប្រគល់ជូនដល់ខ្នងផ្ទះតែម្ដង ព្រោះយើងការពារ ខ្លាចឆ្លងរីករាល​ដាល​ជំងឺកូវីដ-១៩នេះបន្ថែមទៀត ដែលសកម្មភាពបែបនេះ មិនទាន់មានប្រទេសណាមួយអាចធ្វើបាន​ដូច​ប្រទេសកម្ពុជាយើងនៅឡើយទេ ។

ជាការឆ្លើយតប លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍លើកឡើងផងដែរថា ៖ ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ឃើញថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយមិនបានគិតថា ជាពេលយប់ឬថ្ងៃឡើយ ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលនៃជំងឺ-១៩នេះ ពិសេសនៅក្នុងអំឡុងនៃការបិទខ្ទប់រាជធានីភ្នំពេញ។ ក្រៅពីមានវិធានការបិទខ្ទប់ ឯកឧត្តម ឃួង ស្រេង នូវបាននាំយកនូវអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន សម្ដេច​គតិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអំណោយរបស់សប្បុរសជននានាផ្សេងទៀត ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់នៅក្នុងរាជធានីភ្នំពេញបន្ថែមទៀត ដោយលោកជុំទាវបញ្ជាក់ថា ៖ បើលោកអភិបាលរាជធានីភ្នំពេញមិនមានសុខភាពរឹងមាំខ្លាំងក្លាទេ គឺមិនអាចអនុវត្តការងារទាំងយប់ទាំងថ្ងៃបានល្អប្រសើរដូច្នេះឡើយ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង