បើករថយន្តបញ្ច្រាស់ផ្លូវទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យជនបរទេសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ រថយន្តមួយគ្រឿងបើកបញ្ច្រាសទិសជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសជនជាតិម្នាក់ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២នឹង៥នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ ១០៦ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត lexus មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2W-9999 ធ្វើដំណើរទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូ PCXមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IQ-3774 ជិះដោយបុរសជនជាតិម្នាក់បើកច្រាសទិសគ្នាពីជើងទៅត្បូង បានបុកពេញទំហឹង បណ្តាលឲ្យដួលបោកទៅនឹងថ្នល់បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់មកត្រូវបានមិត្តភ័ក្រដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់ភ្លាម បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ P19
