ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈប្រព័ន្ធអនឡាញ (Zoom)
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលជារដ្ឋមន្រ្តី, រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖
១) សេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន “អនុក្រឹត្យស្តីពីប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន” រៀបចំ និងស្នើឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គមជាសេនាធិការ ត្រូវបានរៀបចំឡើងដើម្បីបង្កើតបាននូវបទដ្នានគតិយុត្តគ្រប់គ្រាន់ ក្នុងការឈានទៅដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដោយអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលចូលជាធរមានកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម បានពិភាក្សា ដោយផ្លាស់ប្តូរយោបល់ ទាំងក្នុងទិដ្ឋភាពគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាទិដ្ឋភាពបច្ចេកទេស លើការកំណត់កម្រិតប្រាក់បៀវត្ស ឬប្រាក់ឈ្នូលដែលត្រូវជាប់ភាគទាន សម្រាប់របបសន្តិសុខសង្គម ទាំងសម្រាប់ផ្នែកសោធន ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ដោយគិតគូរថ្លឹងថ្លែងនូវបន្ទុកនានា ដែលនិយោជិត និងនិយោជកត្រូវបង់ និងអត្ថប្រយោជន៍ដែលកម្មករ-និយោជិត និងបុគ្គលក្នុងវិស័យសាធារណៈត្រូវទទួលបានជាការគាំពារក្រោមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ។
ជាលទ្ធផល, កិច្ចប្រជុំបានសម្រេចផ្តល់នូវធាតុចូលបន្ថែម ដើម្បីឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ កាន់តែមានភាពពេញលេញ មុននឹង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចយកសេចក្តីគោរពស្នើសុំការសម្រេចពី រាជរដ្ឋាភិបាល ដើម្បីដាក់ចេញឱ្យអនុវត្ត ។
២) ការចាប់ផ្តើមដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
ដោយសារវិបត្តិនៃជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល បានសម្រេចពន្យារពេលដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដល់ដំណាច់ឆមាសទី ១ នៃឆ្នាំ ២០២១ នេះ ដោយតាមដាន និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៃឥទ្ធិពលរបស់ជំងឺកូវីដ-១៩ នេះ យ៉ាងយកចិត្តទុកដាក់ ។
តាមស្ថានការនៃការបន្តប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ឥទ្ធិពលលើស្ថានភាពសង្គម-សេដ្ឋកិច្ច នៃព្រិត្តិការណ៍ ២០ កុម្ភៈ ២០២១, កិច្ចប្រជុំ បានពិនិត្យ និងពិភាក្សា ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពគោលនយោបាយ និងបានឯកភាពគ្នាថា ស្ថានភាពបច្ចុប្បន្ននៅមិនទាន់មានភាពអំណោយផលសម្រាប់ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនេះ នៅឡើយ ។ ក្នុងន័យនេះ, កិច្ចប្រជុំបានសម្រេចថានឹងស្នើសុំរាជ-រដ្ឋាភិបាល ដើម្បីបន្តពន្យារពេលការដាក់ឱ្យអនុវត្ត និងបន្តសិក្សា និងវាយតម្លៃស្ថានភាពនៃឥទ្ធិពលរបស់ជំងឺកូវីដ-១៩ ជាប្រចាំ និងជាបន្តបន្ទាប់ ។ កិច្ចប្រជុំ ក៏បានផ្តល់ការណែនាំដល់ស្ថាប័ន ដែលជាប់ពាក់ព័ន្ធដល់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ មុននឹងដាក់ឱ្យអនុវត្ត ដើម្បីជាការបង្កើនចំណេះដឹង ទាំងទៅលើគោលការណ៍ និងជាពិសេស ទៅលើអត្ថប្រយោជន៍ដែលជាការផ្តល់ការគាំពារដល់កម្មករ-នយោជិត ដោយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ។
៣) ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
វឌ្ឍនភាពនៃការអនុវត្ត“កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ដែលគិតចាប់ពីពេលដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាល ពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២១ រួមមាន៖ គ្រួសារក្រីក្រ និងងាយរងគ្រោះដែលបានមកផ្ទៀងផ្ទាត់ឈ្មោះ និងទទួលប្រាក់ឧបត្ថម្ភ មានចំនួន ៦៩៣ ៩៣៣ គ្រួសារ ឬស្មើនឹងសមាជិកចំនួន ២ ៧៥០ ៥០១ នាក់ (រួមទាំងកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង, និងគ្រួសារដែលមានសមាជិកផ្ទុកមេរោគអេដស៍) បានទទួលការឧបត្ថម្ភក្រោមកម្មវិធីជំនួយសង្គមពិសេសនេះ ដោយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួន ១ ២៩១ ២៤៣ ៨៥៦ ០០០រៀល ស្មើនឹង ៣២២,៨១លានដុល្លារអាមេរិក ។
បើគិតត្រឹមខែ មិថុនា ឆ្នាំ ២០២១ នេះ, “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ត្រូវអនុវត្តបានរយៈពេលពេញ ១ឆ្នាំ និងទទួលបានលទ្ធផលល្អប្រសើរ ដោយគ្រួសារក្រីក្រ និងងាយរងគ្រោះ បាន និងកំពុងទទួលបានការគាំពារ និងទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ពីរាជរដ្ឋាភិបាល ។ “កម្មវិធី” នេះ ក៏ទទួលបានការសាទរផងដែរ ពីដៃគូអភិវឌ្ឍន៍ និងមជ្ឈដ្ឋានអន្តរជាតិ ។ ដើម្បីត្រៀមខ្លួនអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះក្នុងជំហានបន្ទាប់ ដោយយោងតាមបិរបទ និងស្ថានភាពជាក់ស្តែងនៃការរីករាលដាលនៃជំងឺកូវីដ-១៩, អង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់ការណែនាំបន្ថែម លើការគិតគូរអំពីជំហានដែលត្រូវអនុវត្តបន្ត ដោយផ្តោតការយកចិត្តទុកលើការរក្សាបាននូវលំនឹងផ្នែកជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ទាំងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងនៅពេលដែលស្ថានភាពមានភាពប្រសើរឡើង ៕