ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្ត ចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ រួមនិង ឯកឧត្តម សំ រិទ្ធី អមដំណើរដោយ ឯកឧត្តម លោក លោកស្រី គណៈអភិបាលខេត្ត និងក្រុមការងារ បានចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលរបស់ខេត្តកំពង់ស្ពឺ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឆ្លៀតឱកាសជួបប្រជុំស្តាប់ពីវឌ្ឍនភាពនការងារគ្រប់គ្រងស្ថានការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តជាមួយគណៈអភិបាល និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

ក្រោយពីបានស្តាប់របាយការណ៍ពីស្ថានភាពទូទៅ និងបញ្ហាប្រឈមរួចមក ឯកឧត្តម ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ មន្រ្តីសុខាភិបាល អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងយុវជនស្ម័គ្រចិត្តរបស់ស.ស.យ.ក ដែលបានសស្រាក់សស្រាំក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ជាពិសេសអ្នកដែលបានឆ្លងជំងឺកូវីដ.១៩ និងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល សំដៅធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមានូវខ្សែចម្លងឱ្យបានកាន់តែលឿន។

ជាងនេះទៅទៀត ឯកឧត្តម ក៏សូមអបអរសាទរ និងថ្លែងអំណរគុណចំពោះការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋទូទាំងខេត្តដែលបានចូលរួមសហការជាមួយអាជ្ញាធរក្នុងការគោរពតាមវិធានការណែនាំ ដែលរាជរដ្ឋាភិបាល ក្រសួង ក៏ដូចជារដ្ឋបាលខេត្តបានដាក់ចេញកន្លងមកបានយ៉ាងខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ស្ពឺ គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ មានអ្នកឆ្លងសរុបដល់ ១៤៨៣នាក់ ក្នុងនោះ បានជាសះស្បើយ ៣៦៩នាក់ និងស្លាប់ ២១នាក់។

ចំនួនអ្នករកឃើញវិជ្ជមាននៅមិនទាន់មានការថមថយនោះទេ ដូច្នេះសូមបងប្អូនទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសថែរក្សាការពារខ្លួន ដោយអនុវត្តវិធានការ “៣កុំ ៣ការពារ” ឱ្យបានជាប់ជាប្រចាំ៕




