ប្រហិតចម្រុះ សាច់មាន់ និងជើងមាន់ ខូចគុណភាពចំនួន ៥,០៣៦គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប និងមន្ត្រីគយចល័តតំបន់៤ ស្ទាក់ចាប់ដុតកម្ទេចចោល

ខេត្តបាត់ដំបង៖ បើយោងតាមរបាយការណ៍របស់មន្ត្រីជំនាញសាខា ក.ប.ប ខេត្តបាត់ដំបងកាលពីថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានសហការជាមួយមន្ត្រីគយចល័តតំបន់៤ ដើម្បីធ្វើការត្រួតពិនិត្យ ប្រហិតចម្រុះ សាច់មាន់និងជើងមាន់ ខូចគុណភាព ចំនួន ៥,០៣៦គីឡូក្រាម ដែលឈ្មួញបាននាំចេញពីប្រទេសថៃ និងត្រូវបានមន្ត្រីគយចល័តតំបន់៤ ស្ទាក់ចាប់បាននៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយធ្វើការត្រួតពិនិត្យចប់សព្វគ្រប់រួចមក សមត្ថកិច្ច និងមន្ត្រីគយ បានប្រគល់ទំនិញខូចគុណភាពនិងវត្ថុតាងឱ្យសាខា ក.ប.ប ខេត្តបាត់ដំបង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕





