ក្រសួងបរិស្ថាននិងអង្គការដៃគូ ជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ នៅលើទីតាំងចំនួន ៤ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិ

នៅកម្ពុជាសហការរៀបចំដោយក្រសួងបរិស្ថាននិងអង្គការដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិត្រូវបាន​បើកធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅលើទីតាំងចំនួន ៤ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរីដែលជឿជាក់ថា មានវត្តមានសត្វត្មាតរស់នៅ។ នេះជាការអង្កេតតាមដានជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជាដើម្បីដឹងថាតើនៅក្នុងតំបន់ការពារធម្មជាតិ​មានវត្តមានសត្វព្រៃ ជីវៈចម្រុះអ្វីខ្លះ ដើម្បីងាយស្រួលក្នុងការរៀបចំផែនការការពារនិងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះដែលកម្ពុជាមាន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលបានចូលរួមការជំរឿនដោយផ្ទាល់នៅ ក្នុងដែនជម្រកសត្វព្រៃឆែប​ថ្លែងឱ្យដឹងថា ជំរឿនសត្វត្មាតនៅប្រទេសកម្ពុជាធ្វើឡើងដោយការប្រមូលទិន្ន័ន័យពី ៤ ទីតាំងផ្សេងគ្នានៅក្នុងភូមិភាគឦសាន​នៃប្រទេសកម្ពុជាហើយត្រូវបានអនុវត្តនិងចូលរួមដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG ) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ អង្គការជី វិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈ ចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារខេត្តស្ទឹង​ត្រែង និងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។
លទ្ធផលបឋមនៃការធ្វើជំរឿនសត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃឆែបតែមួយកាលពីថ្ងៃទី៩ ខែមិថុនានេះនឹងត្រូវបូកសរុបក្រោយបញ្ចប់នៅល្ងាចថ្ងៃទី៩ ខែមិថុនានេះ។ គួរកត់សម្គាល់ថានៅអាហារដ្ឋានត្មាតក្នុងភូមិដងផ្លិតក្នុងដែនជម្រកសត្វព្រៃឆែប នៅពេលផ្តល់ចំណីប្រចាំខែកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ អ្នកជំនាញបានរកឃើញវត្តមានសត្វត្មាតចំនួន ៦១ក្បាល ក្នុងនោះរួមមានត្មាតផេះ ចំនួន ៤០ក្បាល ត្មាតភ្លើងចំនួន ២ក្បាល និងត្មាតត្នោតចំនួន ១៩ក្បាល។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងខេត្តព្រះវិហារ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WCS បានអនុវត្តសកម្មភាពអភិរក្សនៅតាមតំបន់ការពារធម្មជាតិតាមរយៈការផ្តល់ចំណីបន្ថែមមួយខែ២ដងដល់សត្វត្មាត និងការពារសំបុកពងកូន អភិវឌ្ឍន៍នូវការយល់ដឹងស៊ីជម្រៅនៃកត្តាប្រឈមដល់សត្វត្មាត នៅក្នុងខេត្តព្រះវិហារ។ ចាប់ពីខែ មករា ដល់ខែ ឧសភា ឆ្នាំ២០២១ មានការរៀបចំការផ្តល់ចំណីបន្ថែមតាមរយៈការធ្វើ «អាហារដ្ឋានត្មាត» ចំនួន ១០ដង ដើម្បីតាមដានចំនួនសត្វត្មាត​។ សត្វត្មាត ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក តែនៅមានវត្តមាននៅកម្ពុជារួមមាន ត្មាត​ផេះ ត្មាត ភ្លើង និងត្មាតត្នោត ហើយសត្វត្មាតទាំងនោះមានវត្តមាននៅភូមិដងផ្លិតក្នុងដែនជម្រកសត្វព្រៃឆែប។
សត្វត្មាតមានវត្តមាននៅកម្ពុជាមានតែបីប្រភេទគឺ ១.ត្មាតភ្លើង ២.ត្មាតត្នោត និង ៣.ត្មាតផេះ សត្វត្មាត ជាប្រភេទជិតផុតពូជបំផុតពីផែនដី មានវត្តមាននៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងក្រចេះ នៃប្រទេសកម្ពុជា ក្រសួងបរិស្ថានបានសហការជាមួយអង្គការអន្តរជាតិនានា ធ្វើជំរឿនសត្វត្មាតចំនួន ៥ ដងក្នុងមួយឆ្នាំ តាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ចំនួនសត្វត្មាតច្រើនបំផុតមាន​ត្រឹម ១២៩ក្បាលប៉ុណ្ណោះក្នុងប្រទេសកម្ពុជា ពួកវារស់នៅជាហ្វូងហើយស៊ីសាកសពជាអាហារ។
សត្វត្មាតជាប្រភេទសត្វកម្រនិងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួនសត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុង កម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋា ភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូ នានាខិតខំប្រឹងប្រែងការពារនិងអភិរក្សក៏ដោយ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រ សួងបរិស្ថានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យសត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំងដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួនបាន ប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំងដើម្បី ចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុល នេះក៏ជាមូលហេតុ ចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរដោយសារតែសត្វត្មាតទាំងនោះស៊ីសាលសពសត្វស្លាប់ដោយសារតែថ្នាំពុល។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងនាមក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអភិរក្ស និងការពារសត្វត្មាតដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា សត្វត្មាតជាសត្វស្លូត និង ជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយការពារនិងអភិរក្សសត្វត្មាតបានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជានិងពិ ភពលោកទាំងមូលជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរសម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរ ផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕ ដោយ ៖ គង់ សិរីរ័ត្ន,ប្រភព ៖ក្រសួងបរិស្ថាន  (by AKP)
អត្ថបទដែលជាប់ទាក់ទង