ថ្នាំញៀនជាង៩០មុឺនគ្រាប់ ត្រូវតម្រួតថៃក្របួចបាន នៅខេត្តប្រៈជួប
ប្រទេសថៃ ៖ ជនសង្ស័យចំនួន៣នាក់ រួមជាមួយនឹងថ្នាំញៀនជិត១លានគ្រាប់ ត្រូវបានកំលាំងជំនាញនៃអង្គភាពប្រឆាំងគ្រឿងញៀនប្រចាំខេត្តប្រៈជួប ធ្វើការតាមប្រមាញ់ រហូតឈានដល់ការបង្ក្រាបបាន បន្ទាប់ពីទទួលបានសេចក្តីរាយការ៉ាងច្បាស់ពីកំលាំង សម្ងាត់ ក្នុងរយៈពេល២ថ្ងៃរួចមក ។យោងតាមរបាយការណ៍ដែលយើងទទួលបានគឺ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ អង្គភាពប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានតម្រួតខេត្តប្រៈជួប ប្រទេសថៃ បានធ្វើការដាក់កំលាំងដើម្បីស្ទាក់ចាប់រថយន្តពីរគ្រឿង ដែលគេសង្ស័យថាអាចមានការរត់ពន្ធនូវសារធាតុញៀនយកទៅចែកចាយតាមបណ្តាខេត្ត
មួយចំនួននៅភាគខាងត្បូងនៃប្រទេសថៃ ។
នៅពេលនោះដែរមុខសញ្ញាទី១ ក៏បានបង្ហាញខ្លួនគឺជារថយន្តម៉ាកអុីស៊ុយៗ ព៌ណខ្មៅ ពាក់ស្លាកលេខ បាងកក ៦៩៦៣ ក្នុងពេលនោះដែរ កំលាំងបានអោយសញ្ញាបញ្ជាអោយបញ្ឈប់យានដើម្បីត្រួតពិនិត្យ ដោយក្នុងនោះដែរមានមនុស្សចំនួន២នាក់ គឺអ្នកបើកបរមានឈ្មោះ សុថាត់ ក្រៈចាយសិរី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ៤ ឃុំបុះឫស្សី ស្រុកមឿងសុរិន្ទ ខេត្តសុរិន្ទ និងអ្នករួមដំណើរមានឈ្មោះ ខាំរ៉ុន ច័ន្ទអន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ៣ ឃុំបួវឌ្ឍនា ស្រុកណងផៃ ខេត្តភិតប៊ូន ។ ក្រោយការត្រួតពិនិត្យ ទោះបីដឹងថារថយន្តនេះគឺកំលាំងសម្ងាត់បានបញ្ជាក់យ៉ាងច្បាស់ក៏ដោយ ក៏ការត្រួតពិនិត្យពុំមានជួបប្រទះឃើញអ្វីដែលខុសច្បាប់នោះឡើយ ប៉ុន្តែមិនបានប៉ុន្មាននាទីផង មុខសញ្ញាទី២ក៏បានបង្ហាញខ្លួន គឺជារថយន្តប្រភេទម៉ាស្តាព៌ណស ពាក់ស្លាកលេខ បាងកក ៦៧៥៩ ដោយមានអ្នកបើកបរតែម្នាក់គត់នៅក្នុង រថយន្ត គឺមានឈ្មោះ បឋម ផន ស្ងៀមនុកូល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ៤ ឃុំណាតាខ្វាន់ ស្រុកមឿង ខេត្តរៈយ៉ង ដោយកំលាំងបានឆែកឆេរនៅក្នុងរថយន្តបានប្រទះឃើញមានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ៤៥៦ដុំ ស្មើនឹង ៩១២ ០០០គ្រាប់ ។
យោងតាមចំលើយសារភាព ពួកគេទាំងបាននិយាយថា ជាការដឹកសុីឈ្នួលអោយគេ តែប៉ុណ្ណោះ ដោយដឹកចេញពីស្រុក ថាអ៊ុថេន ក្នុងខេត្តនគរភ្នំ ទៅកាន់ខេត្តចំនួន៣ នៅភាគខាងត្បូងប្រទេសថៃ ពិសេសគឺខេត្តសុងខ្លា ដោយមានឈ្មួញធំចាំទទួលនៅទីនោះ ហើយពួកគេក្នុងម្នាក់ៗទទួលបាន ៥ មុឺនបាត ។
បច្ចុប្បន្នកំលាំងជំនាញបាននាំខ្លួនពួកគេទាំង៣នាក់ រួមជាមួយនឹងវត្ថុតាង ទៅកាន់ស្នងការខេត្តដើម្បីសាកសួរបន្ត និងចាត់វិធានការតាមផ្លូវច្បាប់..៕