ការដ្ឋានធ្វើស្ពាន៧កន្លែង និងបុកសុីផាយនៅប្រឡាយទួលពង្រ១ សម្រេចបាន៨៥ភាគរយហើយ គ្រោងរួចរាល់នៅពាក់កណ្តាលខែកក្កដាងាយស្រួលក្នុងការឆ្លងកាត់


ភ្នំពេញ៖ បើទោះបី ជម្ងឺកូវីដ-១៩ បាននឹងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍​​២០កុម្ភៈយ៉ាងក្តី ក៏ប៉ុន្តែការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ដោយគិតមកដល់ត្រឹមថ្ងៃទី១១ មិថុនានេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៨៥ភាគរយហើយ នឹងគ្រោងរួចរាល់នៅក្នុងពាក់កណ្តាលខែកក្កដាឆ្នាំ២០២១ខាងមុខនេះ ។


លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ បានមានប្រសាសន៍អោយដឹងនៅព្រឹកថ្ងៃទី១១ មិថុនានេះថា ដោយមានការណែនាំនិងចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរខណ្ឌពោធិសែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហ៊ំ ៨ម៉ែត្រ និងជម្រៅ ២ម៉ែត្រ ដោយធ្វើការសាងសង់ស្ពានចំនួន ៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ត្រឹមថ្ងៃទី១១ មិថុនានេះ ការដ្ឋានទាំង​មូលសម្រេចបានប្រមាណ ៨៥ភាគរយហើយ និងគ្រោងរួចរាល់នៅក្នុងពាក់កណ្តាលខែកក្កដាឆ្នាំ២០២១​ខាងមុខនេះ ។


លោកបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌមានជ័យទៅកាន់បឹងជេីងឯក និង​បន្ត​ហូរ​ទៅកាន់ស្ទឹងជ្រៅ នៅពេលគំរោងការនេះបញ្ចប់ វានឹងអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀង បានមួយកំរិតធំ។


លោក សាំ ពិសិដ្ឋ បានបន្តទៀតថា ក្នុងពេលសាងសង់ស្ពាន៧កន្លែងនេះ យើងបានដាក់លូប្រអប់បណ្តោះ ដោយសារតែយើងបានកាត់ផ្តាច់ផ្លូវមួយចំនួនកាលពីជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក​ ចំណែកនៅមុខផ្ទះប្រជាពលរដ្ឋដែលបានកាត់ផ្តាច់ផ្លូវ យើងបានបុកស៊ីផាយដើម្បីទប់ដីកុំឱ្យបាក់ប្រវែងជាង ២០០ម៉ែត្រផងដែរ។


គម្រោង ស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់​ពី​ភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន ៣ជួរ​​ប្រវែង ៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា និងដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន ៧កន្លែងផងដែរ ។


គួរបញ្ជាក់ថា ការដ្ឋានធ្វើស្ពានចំនួន ៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយ​ទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះ បានធ្វើពិធីក្រុងពាលីតាមបែបសាសន៍ ជាមួយក្រុមហ៊ុនទទួលម៉ៅការ កាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២១ ក្រោមវត្តមានលោក ហែម ដារិទ្ធ អភិបាល​ខណ្ឌពោធិសែនជ័យ ៕

អត្ថបទដែលជាប់ទាក់ទង