កសិករភ្ជួរដីចម្ការ ឃើញវត្តុសិល្បៈបុរាណ ក៏ប្រគល់ជូនអាជ្ញាធរ និងជំនាញវប្បធម៌ ដើម្បីរក្សាទុកនៅសារៈមន្ទីរស្វាយចេក


ខេត្តបន្ទាយមានជ័យ៖ កសិករភ្ជូរដីចម្ការនៅក្បែរប្រាសាទតាស្រីនាភូមិតាអុងលិចឃុំស្វាយចេកស្រុកស្វាយ​ចេកខេត្តបន្ទាយមានជ័យ កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ពេលនោះ ក៏បានឃើញវត្តុសិល្បៈបុរាណធ្វើពីលោហៈធាតុចំនួន១៧ដុំ/រូប ហើយក៏បានប្រគល់ជូនអាជ្ញាធរនៅពេលបន្ទាប់មក ។
លុះដល់ល្ងាចម៉ោង៣ ថ្ងៃដដែល អាជ្ញាធរក៏ប្រគល់បន្តដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ និងក៏ត្រូវបានពិនិត្យនិងចុះបញ្ជី រួចរក្សាទុកនៅសារៈមន្ទីរសហគមន៍នាស្រុកស្វាយចេក តែម្តង លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក និងលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក បានធ្វើពិធីប្រគល់ ទទួលវត្ថុសិល្បៈបុរាណនោះហើយពីកសិករ ២នាក់។


លោកនិយាយថា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កសិករខាងលើបានបើកត្រាក់ទ័រភ្ជួរចម្ការដាំដំឡូងមី ហើយពីដំបូងក៏ប្រទះឃើញក្រឡ(កុលាភាជន៍)មួយចំនួន តមក ក៏ឃើញវត្ថុសិល្បៈបុរាណធ្វើពីលោហៈ ហើយក៏ផ្អើលឡើងដល់កសិករ និងអ្នកភូមិឯទៀត ដែលនាំគ្នាធ្វើការអុជធូបទៀនបន់ស្រន់ គោរពសក្ការៈ ។


ដោយឮខ្ចរខ្ចាយបែបនេះ ទើបកសិករដែលភ្ជូរដីរកឃើញវត្ថុសិល្បៈខាងលើ ក៏សម្រេចស្ម័គ្រចិត្តប្រគល់វត្ថុជូនអាជ្ញាធរ ពោលគឺដើម្បីកុំឲ្យធ្លាក់ទៅដល់ដៃឈ្មួញក្បាលអ្នកតា(អ្នករកស៊ិទិញ លក់ រត់ពន្ធវត្ថុសិល្បៈបុរាណ) ។


លោក យង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ រួមជាមួយអនុប្រធាន មន្ត្រីជំនាញបុរាណវិទ្យា និងលោក តាន់ ប៊ុនមីន អនុប្រធានការិយាល័យសង្គមកិច្ច សុខុមាលភាពវប្បធម៌ សាសនា កិច្ចការនារី និងជាប្រធានសារៈមន្ទីរស្វាយចេក បានពិនិត្យ និងចុះបញ្ជីវត្ថុសិល្បៈទាំងនោះ ហើយ​ថា អាចមានចំណាស់ក្នុងស.វទី១០ ទៅ ១១ ។


វត្ថុសិល្បៈបុរាណទាំងនោះ រួមមាន ១៧ដុំ/រូបធ្វើពីលោហៈធាតុ ក្នុងនោះមាន ពុម្ពចាក់ព្រះ ចំនួន២ កណ្តឹង​(ត្រួយ) ចំនួន២ កងចំនួន៩ ទេឥវរូបស្រី ចំនួន១ ទេវរូបប្រុសចំនួន១ ពុទ្ធរូបប្រក់នាគចំនួន២ និងដុំសំណ ចំនួន ១០ដុំ(តូចៗ) ។
មន្ត្រូីបានថ្លែងអំណរគុណពលរដ្ឋល្អ ដែលបានរកឃើញ ហើយប្រគល់វត្ថុសិល្បៈបុរាណមកអាជ្ញាធរដែនដីនិងជំនាញវប្បធម៌ដើម្បីរក្សាទុកមិនឲ្យបាត់បង់ ។
នេះជាស្មារតីស្នេហាមរតកវប្បធម៌បេតិកភ័ណ្ឌ សិល្បៈនិងអត្តសញ្ញាណជាតិខ្មែរ សូមបញ្ជាក់ថា ការទទួលលើកនេះទៀត នាំឲ្យសារៈមន្ទីរស្វាយចេកនេះ នឹងបានទទួលការដាក់តាំងបន្ថែមរូបទើបប្រគល់ចំនួន ១៧ដុំ​/រូប ទៀត លើវត្ថុសិល្បៈបុរាណដែលទទួលពីពលរដ្ឋ ពីសមត្ថកិច្ចកងកម្លាំងពីអ្នកមុខសញ្ញាផ្សេងទៀត ដែលបានដាក់តាំងមានចំនួន ៥២៦ដុំ /រូប /បន្ទះ ហើយនោះ ៕

អត្ថបទដែលជាប់ទាក់ទង