រសៀលថ្ងៃនេះកម្ពុជា នឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រទេសចិន ចំនួន១លានដូសបន្ថែមទៀត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់​ក្រុមហ៊ុន​នៃ​ប្រទេសចិន ចំនួន ១លានដូសដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ សម្រាប់ទុកចាក់​ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។
វ៉ាក់សាំង១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៧ហើយ ដែលរាជរដ្ឋា​ភិបាល​កម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹក​មក​ដល់​កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺន​ដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា និងជើងទី៦ ដឹកមកកម្ពុជាចំនួន ១លានដូស នៅថ្ងៃទី៨ ខែមិថុនា ។ សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋា​ភិបាល​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ​យុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែល​អាច​ធ្វើទៅបានជូនដល់​ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋា​ភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំ​មកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់​ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ គិតពីត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៦លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លាន​ដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំង​គ្រប់គ្រាន់សម្រាប់ចាក់ជូន​ប្រជាពលរដ្ឋ។
កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរ​បំផុតនៅដើមឆ្នាំ២០២២៕ អរគុណសន្តិភាព(by AKP)
អត្ថបទដែលជាប់ទាក់ទង