ក្រសួងបរិស្ថាន ចាត់ទុកមន្ត្រីឧទ្យានុរក្សជាឆ្មាំព្រៃ មិនមែនត្រឹមតែបំពេញភារកិច្ចតាមតួនាទី ឯកសណ្ឋានទេ តែជា​ឪពុកម្តាយ​ ដែលកំពុងថែរក្សាធនធានធម្មជាតិសម្រាប់កូនៗជំនាន់ក្រោយ

មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានចាត់ទុកមន្រ្តីឧទ្យានុរក្សដែលកំពុងបំពេញតូនាទី ដើម្បីបុព្វហេតុបរិស្ថាន​និង​ធម្មជាតិបច្ចុប្បន្នបានពុះពារប្រឈមនឹងឧបសគ្គ និងហានិភ័យខ្ពស់គ្រប់យ៉ាងដើម្បីអនុវត្តន៍​កាតព្វកិច្ចរបស់ខ្លួន​ជាប្រចាំថ្ងៃនៅ​សមរភូមិនៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃក្នុងតំបន់ការពារ​ធម្មជាតិ​និងរបៀងអភរិក្សជីវៈចម្រុះរបស់កម្ពុជា។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាននៅចំពោះ​មុខមន្ត្រី​ឧទ្យានុរក្សនៅស្នាក់ការអូរកក់ក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ អំឡុងពេលដែលឯកឧត្តមបានដឹកនាំប្រតិភូក្រសួងបរិស្ថាននិងក្រុមអ្នកសារព័ត៌មាន ចុះ​ទៅ​បំពេញទស្សនកិច្ចនិងឈ្វេងយល់ពីការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការ​អភិវឌ្ឍ​សហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋនៅក្នុងសហគមន៍តំបន់​ការពារធម្មជាតិនៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា បច្ចុប្បន្នអ្វីដែលមន្ត្រីឧទ្យានុរក្សកំពុងធ្វើ គឺមិនមែនគ្រាន់តែធ្វើក្នុងនាម​តែជាមន្ត្រីឧទ្យានុរក្ស ដែលត្រូវបំពេញជាតួនាទីទៅតាមភារកិច្ចនៃឯកសណ្ឋានជាមន្ត្រីឧទ្យានុរក្សប៉ុណ្ណោះទេ តែពួក​គាត់ធ្វើក្នុងនាមជាឪពុក ម្តាយ ដែលកំពុងតែថែរក្សា និងការពារនូវមរតកធនធានធម្មជាតិដ៏សម្បូរបែប​សម្រាប់កូនចៅជំនាន់ក្រោយ។
ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការកោតសរសើរពីការលះបង់ និងការ​ប្តេជ្ញាចិត្តខ្ពស់របស់​មន្ត្រីឧទ្យានុរក្ស​ទាំងអស់ក្នុងការថែរក្សា និងការពារធនធានធម្មជាតិ សត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែល​កម្ពុជា​មាន។
ឯកឧត្តមបានមានប្រសាសន៍ថា មន្រ្តីឧទ្យានុរក្សអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយ​មិនខ្លាច​នឿយ​ហត់ និងបានលះបង់ខ្ពស់ក្នុងបុព្វហេតុការពារនូវធនធានធម្មជាតិ សត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទាំងនេះវាក៏បង្ហាញពីទឹកចិត្តមោះមុតដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់ជាដើម។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍សង្កត់ធ្ងន់ថា មន្រ្តីរបស់យើងត្រូវប្រឈមនឹងហានិភ័យ ស្ថាន​ភាព​លំបាក និងប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗពិសេស​ជនល្មើសអាចបង្កគ្រោះថ្នាក់​នៅពេលមន្រ្តីយើង​ចុះ​អនុវត្តន៍ច្បាប់​។ ក្រៅពីនេះ ពួកគាត់ក៏ប្រឈមទៅនឹងកត្តាផ្សេងៗទៀតដូចជា ជំងឺ ការឆ្លងកាត់ឧបសគ្គ​លំបាកៗ​ជាច្រើនក្នុងពេលបំពេញការងារដូចជាទឹកជំនន់ សត្វដែលអាចបង្កគ្រោះថ្នាក់។ល។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញនិងលើកទឹកចិត្តដល់​មន្រ្តីឧទ្យានុរក្សមិនត្រូវរុញរាឡើយក្នុងការអនុវត្តច្បាប់ បើទោះបីត្រូវ​ប្រឈមនឹងហានិភ័យនៃការក្លាយជាគោលដៅរបស់ជនល្មើសពោលគឺធ្វើយ៉ាង​ណាការពារតំបន់ការពារធម្មជាតិឱ្យបានជាប់គង់វង្សយូរអង្វែងដល់កូនចៅយើងជំនាន់ក្រោយរបស់យើង។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ដែរថា បើទោះជាបច្ចុប្បន្ន ចំនួនមន្ត្រីឧទ្យានុរក្សនៅមានកម្រិតនៅឡើយ តែ​ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤ ដើម្បីបង្កើនប្រសិទ្ធភាពការពារ និងអភិរក្សធនធាន​ធម្មជាតិ​។ យុទ្ធសាស្ត្រទាំងនោះ មានដូចជាការល្បាតចល័តរបស់មន្ត្រីឧទ្យានុរក្ស ការរួមសហការជាមួយ​សហគមន៍​នៅ​ក្នុងតំបន់ការពារធម្មជាតិ និងនៅជាប់តំបន់ការពារធម្មជាតិ និងការអប់រំផ្សព្វផ្សាយពី​សារប្រយោជន៍​ព្រៃឈើទៅកាន់ប្រជាពលរដ្ឋ និងការបង្កើត សេដ្ឋកិច្ចមូលដ្ឋានជូនប្រជាពលរដ្ឋ។
ឯកឧត្តមក៏បានកោតសរសើរចំពោះវីរភាព និងការលះបង់ដ៏មានតម្លៃរបស់មន្រ្តីឧទ្យានុរក្ស ហើយជាមួយគ្នា​ក៏បាន​បង្ហាញការកោតសរសើរពីស្ថាប័នពាក់ព័ន្ធក្នុងនេះដូចជាអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍និងពិសេស​​ស្ថាប័នតុលាការដែលតែងបានចូលរួមអនុវត្តន៍ច្បាប់នាកន្លងមកសំដៅធ្វើយ៉ាងណាចូលរួមការពារធនធានធម្មជាតិរបស់យើងឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលទាំងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះមន្ត្រីឧទ្យានុរក្សមានចំនួនសរុបជាង ១ ២០០ នាក់ នៅទូទាំងប្រទេសកម្ពុជា ហើយក្នុងនេះមានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង ២០ខេត្ត៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង