Detail Top Banner

ការស្តារប្រឡាយ បឹងទំពន់ គិតត្រឹមថ្ងៃ១៤មិថុនានេះ សម្រេចបាន ៦០ភាគរយហើយ ដើម្បីរំដោះទឹកក្នុងខណ្ឌចំនួន៥

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ជាអភិបាល បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ នៅតែបន្តធ្វើសកម្មភាព ដោយមិនមានការអាក់ខានឡើយ។


ជាក់ស្ដែងនៅថ្ងៃទី១៤ មិថុនានេះ ក្រុមការងាររបស់រាជធានីភ្នំពេញ បានកំពុងអនុវត្តន៍បន្ត ការស្តារប្រឡាយ​បឹងទំពន់ ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដេីម្បីបង្ហូរជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។


លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ មិថុនានេះថា ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីឯកឧត្តម ឃួង​ ស្រេង​ ជាអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក​ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ ខណៈនេះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ ជាអ្នកអនុវត្តន៍ បានធ្វើសកម្មភាពស្តារប្រឡាយបឹងទំពន់ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។


លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា ប្រឡាយបឹងទំពន់ មានប្រវែង៣ ៧១០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យ ដល់ស្ថានីយបូមទឹកបឹងទំពន់ផ្លូវ៣៧១ ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ មេសា ហើយមកដល់ពេលនេះ ក្រុមការងារបានស្តារប្រឡាយបឹងទំពន់ សម្រេចបាន ៦០ភាគរយហើយ ដែលមានប្រវែង ២២០០ម៉ែត្រ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយ​បារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។


លោក ដួង ចាន់សារ៉ាត់ បានសូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕

អត្ថបទដែលជាប់ទាក់ទង