សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គិតត្រឹមល្ងាចថ្ងៃ១៤មិថុនានេះ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ នេះ ៖ “គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ នេះ យើងចាក់វ៉ាក់សាំងបានជាង៣លាននាក់។ ក្នុងនោះយើងបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី ៣លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល។
ដូចមុនៗដែរ សម្រាប់មនុស្សទី ១លាន មនុស្សទី ២លាន ប្អូនស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន ១០លានរៀល ដែលលោកជំទាវ ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់នាថ្ងៃ
ស្អែក។
យើងសម្រេចបាននូវការចាក់វ៉ាក់សាំងចំនួន៣០ភាគរយនៃចំនួនដែលត្រូវចាក់ ដែលនេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ១០លាននាក់ដែលត្រូវចាក់៕”
