Detail Top Banner

សហព័ន្ធការ៉ាតេកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ នាឆ្នាំ២០២២

ភ្នំពេញ៖ តបតាមសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយល់ព្រមអនុញ្ញាតឱ្យសហព័ន្ធកីឡាការ៉ាតេកម្ពុជា រៀបចំការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដើម្បីជាការវាស់ស្ទង់កម្រិតបច្ចេកទេស ត្រៀមឆ្ពោះទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា លើកឡើងថា ដំបូងឡើយព្រឹត្តិការណ៍កម្រិតតំបន់នេះ គ្រោងធ្វើក្នុងឆ្នាំ២០២១នេះ ។ ប៉ុន្តែដោយស្ថានភាពមិនអំណោយផល ស្របពេលឆ្នាំនេះមានការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅវៀតណាមផង សហព័ន្ធក៏ស្នើលើកទៅឆ្នាំក្រោយវិញ។
ឯកឧត្តមបានចាត់ទុកថា ព្រឹត្តិការណ៍នេះគឺជាការប្រកួតលក្ខណៈ Pre-SEA Games ដ៏សំខាន់ដើម្បីត្រៀមស៊ីហ្គេមនៅកម្ពុជា។
ឯកឧត្តមបន្ដថា ជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍ តាមពិតគ្រោងធ្វើឆ្នាំ២០២១ តែដោយ សារឆ្នាំនេះស្ថានភាពមិនច្បាស់លាស់ ហើយឆ្នាំ២០២១នេះ មានធ្វើជើងឯកនៅវៀតណាម ហើយ។ ដូច្នេះសហព័ន្ធក៏លើកមកឆ្នាំ២០២២ ក្រោយការអនុញ្ញាតពីសហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ ឱ្យយើងធ្វើម្ចាស់ផ្ទះឆ្នាំ២០២២ ក្នុងន័យ Pre-SEA Games ដើម្បីវាស់ស្ទង់សមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ខាងមុខនេះ មិនអាចធ្វើនៅដើមឆ្នាំបានទេអាចធ្វើអំឡុងឆមាសទី​២ ដើម្បីប្រមូលយកភាពអនុគ្រោះ ឬដើម្បីប្រមូលការរៀបចំឱ្យបានរឹងមាំ ល្អប្រសើរ និងប្រព្រឹត្តទៅដោយជោគជ័យ។ នេះគឺជាការប្រកួតតេស្ដដ៏សំខាន់ សម្រាប់កីឡាការ៉ាតេ ដែលកំពុងស្វែងរកឧត្តមភាពក្នុងអាស៊ីអាគ្នេយ៍ ស្របពេលសហព័ន្ធកំពុងសម្រួចការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ជាមួយគ្រូបង្វឹកបរទេសកម្រិតខ្ពស់ផង។
សូមបញ្ជាក់ថា ការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ គឺជាយុទ្ធសាស្ដ្រ និងការជំរុញរបស់ឯកឧត្តមអគ្គបណ្តិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្នុងការរៀបចំឱ្យមានការប្រកួតអន្ដរជាតិ ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស ដែលខិតខំបង្កើនការហ្វឹកហាត់ជាមួយគ្រូបង្វឹក ដែលមានគុណវុឌ្ឍខ្ពស់មកពីបរទេស ដើម្បីសម្រួច និងត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕
អត្ថបទដែលជាប់ទាក់ទង