អាជ្ញាធរជាតិអប្សរា ដើមឈើ ដែលមានហានិភ័យខ្ពស់នៅតាមដងផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ក្រុងសៀមរាប ដល់ឃុំខ្នាត ស្រុកពួក
ខេត្តសៀមរាប៖ មន្ត្រីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានចុះពិនិត្យស្ថានភាពដើមឈើ ដែលមានហានិភ័យខ្ពស់ ដុះនៅតាមដងផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ក្រុងសៀមរាប ភូមិគោកស្នួល ដល់ភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ ដើម្បីបង្ការ និងបញ្ជៀសគ្រោះថ្នាក់ទុកជាមុន កុំឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ និងទេសភាព នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងតាមប្រព័ន្ធទូរស័ព្ទ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះថា ដើមឈើកំពុងដកហូតចេញនេះ មានចំនួន ២ដើម រួមមាន ដើមស្វាយ និងដើមឈើទាល ដែលដើមឈើទាំង២នេះ ដុះជាប់ផ្លូវ និងកៀកស្ពាន បណ្តាលឲ្យមានគ្រោះថ្នាក់ជាញឹកញាប់។
លោកបន្ដថា ចំណែកឯដើមឈើដែលកំពុងកាត់ក្រីមែកមានចំនួន ១០០ដើម រួមមាន ឈើទាល គគីរ ចាមរី ព្រីង អាកាស្យា ទ្រៀក អង្កាញ់ អំពិលទឹក ក្រសាំង ស្នួល ស្វាយ ប្រេងខ្យល់ ត្រាច ត្រចៀកដំរី ពោធិ៍ និងដើមជ្រៃ ដែលត្រូវកាត់ក្រីមែកចេញចំនួន ៣០០មែក ដើម្បីសម្រាលតួដើមកុំឲ្យដួលរលំ ឬបាក់ធ្លាក់មែកមកលើផ្លូវជាតិ៕ ដោយ មន្ទីរព័ត៌មានខេត្តសៀមរាប