ក្រុមស្រ្តីរួមគ្នាលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាន និងការសម្រេចចិត្តក្នុងការទទួលបានសេវារំលូតដោយសុវត្ថិភាព
ខេត្តកំពត៖ ក្រុមស្រ្តីក្នុងស្រុកអង្គរជ័យ ខេត្តកំពត រួមគ្នាលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាន និងការសម្រេចចិត្តក្នុងការទទួលបានសេវារំលូតដោយសុវត្ថិភាពក្នុងអំឡុងពេលកូវីដ១៩ ដើម្បីទទួលសុខភាពល្អ និងសុភមង្គលក្នុងក្រុមគ្រួសារ។
លោកស្រី ប៉ែន សំរិទ្ធិ អ្នកទទួលបន្ទុកកិច្ចការនារី ក្នុងឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពតបានឱ្យដឹងថា កម្រិតនៃការទទួលបានព័ត៌មាន ស្ដីអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ ព្រមទាំងការរំលូតដោយសុវត្ថិភាពរបស់ស្រ្តី នៅតែជាបញ្ហាប្រឈមនៅឡើយ ពិសេសស្ថិតក្នុងវិបត្តិកូវីដ១៩ ធ្វើឱ្យស្រ្តីមិនហ៊ានទៅរកសេវារំលូតដោយសុវត្ថិភាព នៅមន្ទីរពេទ្យបង្អែកឬមណ្ឌលសុខភាព។
ផែ្អកតាមបញ្ហាប្រឈមដូចនេះ ទើបមន្រ្តីជំនាញអង្គការរ៉ាក់ និងអាជ្ញាធរ បានចុះអប់រំផ្សព្វផ្សាយ ដោយអនុវត្តតាមវិធានការសុខាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយល់ដឹងកាន់តែច្បាស់ ពីការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងសិទ្ធិក្នុងការសម្រេចចិត្តរបស់ស្រ្តី ទៅរកសេវារំលូតដោយសុវត្ថិភាព។
លោកស្រីបន្តថា មកដល់ពេលបច្ចុប្បន្ននេះ សេវារំលូតមានការរីកចម្រើន ដោយមានអង្គការរ៉ាក់ចុះមកអប់រំក៏ដូចជាផ្សព្វផ្សាយពីបញ្ហារំលូតជាបន្តបន្ទាប់មក បានធ្វើឱ្យកាត់បន្ថយការរើសអើងចំពោះស្រ្តីដែលទទួលបានសេវារំលូតដោយសុវត្ថិភាព ហើយស្ដ្រីខ្លួនឯងផ្ទាល់មិនសូវមានភាពខ្មាសអៀន និងហ៊ានសម្រេចចិត្តទៅទទួលសេវារំលូតដោយសុវត្ថិភាព ដែលអាចចូលរួមកាត់បន្ថយអត្រាមរណភាពរបស់មាតាបាន។
មន្រ្តីជំនាញអង្គការរ៉ាក់៖ «ខ្ញុំចង់ឱ្យស្ត្រីកម្ពុជា ចេះថែរក្សាសុខភាពខ្លួនឯង កំណត់ការយកកូននៅក្នុងគ្រួសារឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍មូលដ្ឋាន។ ហើយ ស្ត្រីទាំងអស់ដែលមិនទាន់ចង់បានកូនគួរទៅរកមធ្យោបាយពន្យារកំណើត ដើម្បីកាត់បន្ថយនូវការមានផ្ទៃពោះដែលយើងមិនទាន់ចង់បាន ជាជាងការរំលូត ព្រោះការរំលូតញឹកញាប់ធ្វើឱ្យប៉ះពាល់ដល់សុខភាពស្ត្រី ដូច្នេះស្ត្រីគួរតែទៅរកសេវាពន្យារកំណើត ដើម្បីមានពេលវេលាគ្រប់គ្រាន់ថែរក្សាក្រុមគ្រួសារ ពេលវេលារកស៊ីធ្វើឱ្យជីវភាពប្រសើរឡើង មិនមានអំពើហិង្សានៅក្នុងក្រុមគ្រួសារ ហើយគ្រួសារក៏មានសុភមង្គលផងដែរ»។
អ្នកស្រី សឿន ចន្ធូ ប្រជាពលរដ្ឋរស់នៅស្រុកអង្គរជ័យខេត្តកំពត បានឱ្យដឹងដែរថា បន្ទាប់ពីទទួលបានការអប់រំសុខភាព ពីអង្គការរ៉ាក់ ធ្វើឱ្យគាត់ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានយល់ច្បាស់ពីការថែទាំសុខភាព និងកន្លែងដែលផ្តល់សេវាពន្យារ កំណើតប្រកបដោយសុវត្ថិភាព ដើម្បីការពារការមានកូន ដោយចៃដន្យ។ អ្នកស្រី ក៏សុំលើកទឹកចិត្តដល់ស្ត្រីៗ ក្រោយការរំលូត ឬស្ត្រីមិនចង់បានកូនដោយចៃដន្យ សូមទៅពិភាក្សាជាមួយពេទ្យក្នុងការទទួលសេវាពន្យារកំណើត ព្រោះវាជាមធ្យោបាយល្អ ក្នុងការជួយរួមចំណែកនៃការកាត់បន្ថយភាពក្រីក្រ និងបន្ថយផលប៉ះពាល់ដល់សុខភាពរបស់ស្ត្រី។ ការពន្យារកំណើតនេះ អាចឱ្យពួកគាត់មានពេលវេលា ច្រើនក្នុងការរកស៊ីចិញ្ចឹមជីវិត និងការចិញ្ចឹមបីបាច់បុត្រ ធីតា ឱ្យទទួលការអប់រំបានខ្ពង់ខ្ពស់ទៅថ្ងៃអនាគតផងដែរ។
សូមបញ្ជាក់ថា ច្បាប់រំលូតនៅក្នុងប្រទេសកម្ពុជា បានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៧ ហើយក្រសួងសុខាភិបាលប្រកាសឱ្យ អនុវត្តច្បាប់រំលូតនេះនៅឆ្នាំ២០០២៕