ថ្ងៃនេះ កម្ពុជា ចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូងហើយ នៅតំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន​ក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោម​អធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាតំណាងដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា បន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត ១៤ ឆ្នាំ ក្នុងការសិក្សាស្វែងរុករក ការសិក្សាវាយតម្លៃសមិទ្ធិភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ កម្ពុជាបានប្រកាសពីការរកឃើញ​ជម្រក​ធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមា​ខេត្តមណ្ឌលគិរី ជាលើកដំបូងនៅកម្ពុជា ។ ការសាងសង់ឋបនភ័ណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ នៃការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លាន​ដុល្លាសហរដ្ឋអាមេរិច ហើយ​ត្រូវបានបញ្ចប់និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា នៅពេលដំណើរការ ការដ្ឋានអាជីវកម្មនិងរោងចក្រ​ចម្រាញ់​រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២លានតោន ក្នុង ១ឆ្នាំ និងចម្រាញ់​ចេញជា​ដុំមាសកម្រិត ៩០ភាគរយ មាសនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុប​ប្រមាណ ៤៦២នាក់ ក្នុងនោះជនជាតិខ្មែរប្រមាណ ៤២៧នាក់ និងបរទេស ៣៥នាក់ ហើយអាចទាញចំណូលប្រមាណ ១៨៥លានដុល្លារសហរដ្ឋអាមេរិកក្នុង ១ឆ្នាំ ដែលក្នុងនោះ​ចំណូល​ថវិកាជាតិ​ពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០ លានដុល្លារ​សហរដ្ឋ​អាមេរិក។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ដែលកើតចេញពី​នយោបាយ​ឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបាន ក្នុងការអនុញ្ញាតឱ្យមានការវិនិយោគទ្រង់ទ្រាយ​ធំ​នៅក្នុងវិស័យធនធានរ៉ែនេះ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងសារជូនជនរួមជាតិ​អំពីការប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ដោយខ្លឹមសារបានបញ្ជាក់ថា “អាជីវកម្មរ៉ែមាស គឺជាអាជីវកម្មដែលត្រូវ​ការ​វិនិយោគប្រកបដោយវិជ្ជាជីវៈ មិនមែនគ្រប់គ្នាចេះតែអាចធ្វើការអភិវឌ្ឍបាននោះទេ។ ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឲ្យ​សាធារណជន​ទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថា វាជាអាជីវកម្ម​មានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុនច្រើន និងជំនាញពិតប្រាកដ”៕ by AKP

អត្ថបទដែលជាប់ទាក់ទង