អាជ្ញាធររាជធានី បានកំពុងស្តារប្រឡាយលូ៥ ដើម្បីរំដោះទឹក លិចលង់៣ខណ្ឌ បើទោះបីប្រឈមនឹងការរីករាលដាលជម្ងឺកូវីដ-១៩ក៏ដោយ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញបាននឹងកំពុងប្រឈមមុខនឹងការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ នៅតែបន្តធ្វើសកម្មភាព ដោយមិនមានការអាក់ខានឡើយ។

ជាក់ស្ដែងនៅថ្ងៃទី២២ ខែមិថុនានេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងស្តារប្រឡាយលូ៥ ដែលមានប្រវែងជាង១គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដេីម្បីបង្ហូរជំនន់ទឹកភ្លៀងនារដូវវស្សានេះ ពិសេស កុំឱ្យហូរចូលទៅប្រឡាយបឹងទំពន់និងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។

លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ មិថុនានេះថា ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹកជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ ខណ:នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹកបូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយលូ៥ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ និងមួយផ្នែកទៀត កុំឱ្យហូរចូលទៅប្រឡាយបឹងទំពន់និងជន់លិច លំនៅដ្ឋានប្រជាពលរដ្ឋ។

លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា ប្រឡាយលូ៥ មានប្រវែងជាង ១០០០ម៉ែត្រទទឹងមានទំហំពី ១៥ទៅ ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវវេងស្រេងដល់ស្ថានីយបូមទឹកលូ៥ ។ ការដ្ឋាននេះបានចាប់ផ្តើមស្តារ ដោយប្រើប្រាស់សាឡង់កាលពីថ្ងៃទី១៩ មិថុនា ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលខែកក្កដា ខាងមុខ។

ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទំលាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក។

លោក ដួង ចាន់សារ៉ាត់ បន្តទៀតថា ប្រឡាយលូ៥នេះ ពោពេញទៅដោយសំរាមនិងភក់ ពិសេសកាកអំពៅត្រូវបានប្រជាពលរដ្ឋដឹកទៅទំលាក់ចូលក្នុងប្រឡាយនេះតែម្តង។

ដូច្នេះ លោកសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕


