អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្លែងកោតសរសើរ អាជ្ញាធររាជធានី ដែលបានសហការធ្វើឱ្យ បេសកកម្មការទូត៤ឆ្នាំទទួលបានផ្លែផ្កានិងជោគជ័យយ៉ាងធំធេង

ភ្នំពេញ៖ អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី Eva NGUYEN BINH បានសម្ដែងនូវការអរគុណនិង​កោតសរសើរយ៉ាងខ្លាំង ចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានសហការជាមួយស្ថានទូតបារាំងបានយ៉ាងល្អដែលធ្វើឱ្យការងារ ក្នុងបេសកកម្មរបស់លោកស្រីរយៈពេល៤ឆ្នាំនេះទទួលបានផ្លែផ្កានិងជោគជ័យយ៉ាងធំធេង ។

ការលើកឡើងរបស់លោកស្រី Eva NGUYEN BINH បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ មិថុនានេះ ខណៈដែលលោកស្រី ចូលជួបសម្តែងការគួរសមនិងជំរាបលា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់អាណត្តិការទូតរបស់លោកស្រីនៅប្រទេសកម្ពុជា នៅសាលារាជធានីភ្នំពេញ។
ក្នុងជំនួបសម្តែងការគួរសមនិងជំរាបលា ឯកឧត្តម ឃួង ស្រេងនោះ លោកស្រី Eva NGUYEN BINH ក៏បានសម្ដែងការកោតសរសើរផងដែរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែល ជម្ងឺនេះ បានរីករាលដាលពេញពិភពលោក ហើយរាជធានីភ្នំពេញក៏បានរីករាលដាលជម្ងឺនេះផងដែរនោះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រងស្ថានភាពកូវីដ-១៩នេះ បានយ៉ាងល្អប្រសើរ ។
លោកស្រីបញ្ជាក់ទៀតថា លោកស្រីពិតជាមានភ័ព្វសំណាងដែលបានស្នាក់នៅបំពេញការងារការទូតនៅប្រទេសកម្ពុជា ស្របពេលដែលនៅលើពិភពលោកបានមានការរីករាលដាលជំងឺកូវី-១៩ ហើយប្រទេស​កម្ពុជា​មានការរីករាលដាលជម្ងឺនេះមានកម្រិតតិចតួច។
លោកស្រី Eva NGUYEN BINH បានបន្តទៀតថា អាជ្ញាធររាជធានីភ្នំពេញពិតជាមានការលំបាកខ្លាំងណាស់ ចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងតស៊ូជាមួយនឹងការទប់ស្កាត់និងជំងឺកូវី-១៩នេះបានយ៉ាងល្អ។
ជាការឆ្លើយតបឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ប្រទេសបារាំង និងប្រទេសកម្ពុជាបានមានទំនាក់ទំនងការទូតជាមួយគ្នាជាយូរមកហើយ ហើយទំនាក់ទំនងនេះ កាន់តែរឹងមាំ និងកាន់តែល្អប្រសើរ ។
ឯកឧត្តម ឃួង ស្រេងបញ្ជាក់ថា៖ ក្នុងបេសកកម្ម បំពេញការងាររបស់លោកស្រីនៅកម្ពុជារយៈពេល៤ឆ្នាំនេះ លោកស្រី Eva NGUYEN BINH បានបំពេញបេសកកម្មកាទូតបានយ៉ាងល្អនិងទទួលជោគជ័យ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានសម្ដែងនូវការសោកស្តាយផងដែរ ដែលឯកឧត្តម មិនបាន​ជួបជជែកនិងហូបបាយសាមគ្គីជាមួយនឹងលោកស្រី អគ្គរដ្ឋទូតបារាំងមុនបញ្ចប់អាណត្តិ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងនឹងជួបគ្នា ចាប់ដៃគ្នាបំពេញការងារនៅថ្ងៃខាងមុខទៀត ខណៈដែលលោកស្រីនឹងក្លាយជាប្រធានវិទ្យាស្ថានបារាំងនៅប៉ុន្មានថ្ងៃខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង