សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ បានអនុម័តរបៀបវារៈសំខាន់ៗ ពិសេសវិស័យអគ្គិសនី ឆ្លើយតបតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំ សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។
ជាលទ្ធផលសម័យប្រជុំរដ្ឋសភា បានអនុម័តរបៀបវារៈទំាង៩ ដែលបានគ្រោងទុក រួមមាន៖
– របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៦ ។
– ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនៃរដ្ឋសភា នីតិកាលទី៦ ចំនួនពីររូប ជំនួសសមាជិកដែលបានលាលែង៖ ឯកឧត្តម ខឹម ច័ន្ទគីរី តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ង៉ោ សុវណ្ណ ដែលបានសុំលាលែង និងឯកឧត្តម ម៉ែន កួន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ជំនួស ឯកឧត្តម ប្រាជ្ញ ចន្ទ ដែលបានសុំលាលែង។
– បោះឆ្នោតទុកចិត្ត ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
– បោះឆ្នោតជ្រើសតាំង លោកជំទាវ ពៅ សុភាព ជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។
– អនុម័តជាឯកច្ឆន្ទ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្មេថេក ខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។
សេចក្តីព្រាងច្បាប់ទាំងបួនខាងលើ ដែលរដ្ឋសភាបានអនុម័តនាពេលនេះ ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សដែលមានតម្រូវការថាមអគ្គិសនីកើនឡើងជាលំដាប់។ ក្នុងខណៈដែលប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាព នយោបាយ បាននាំឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ និងបានលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើឡើងជាលំដាប់។
វិស័យថាមពល ជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ និងជំរុញការអភិវឌ្ឍ ទាំងប្រភពថាមពលនិងបណ្តាញបញ្ជូនអគ្គិសនី សំដៅធានាការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ មាននិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាពនិងមានតម្លៃសមរម្យ៕







