អាជ្ញាធររាជធានីជំរុញឱ្យពង្រឹងការអនុវត្តវិធានក្រសួងសុខាភិបាលនិងមិនអនុញ្ញាតឱ្យជួបជុំពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដោយ ក្រៅពីមិនអនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ ក៏មិនអនុញ្ញាតឱ្យមានការជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ អ្នកដែលប្រព្រឹត្តិករណីនេះត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចមកអប់រំនិងផ្សព្វផ្សាយព័ត៌មានជាសាធារណៈថែមទៀត។
ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលីសនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដោយសារថា ជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈនេះ នៅតែបន្តការរីករាលដាលមិនឈប់ឈរនូវឡើយទេ។ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងប៉ូលីស និងកងរាជអាវុធហត្ថ ត្រូវតែដាក់កម្លាំងល្បាតនៅក្នុងមូលដ្ឋានទាំងយប់និងថ្ងៃ ដោយក្រៅពីមិនអនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ យើងក៏មិនអនុញ្ញាតឱ្យក្មេងស្ទាវជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ ដូចជានៅផ្លូវ៦០ម៉ែត្រ ឬនៅតំបន់លីយ៉ុងផាត់ជាដើម ។ អ្នកដែលប្រព្រឹត្តិករណីនេះត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចយកមកអប់រំនិងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងមិនបានហាមឃាត់ចំពោះការហូបចុកជាលក្ខណៈគ្រួសារនោះទេ។
ឯកឧត្តមបន្តទៀតថា ៖ ការបណ្តែតបណ្តោយឱ្យមានការលួចបើកការ៉ាអូខេ ក្លឹបកំសាន្ត ម៉ាស្យា ក្លឹបហាត់ប្រាណជាដើម នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ហើយស្រាប់តែទីតាំងទាំងនោះបានផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ អភិបាលខណ្ឌត្រូវទទួលខុសត្រូវដោយខ្លួនឯងហើយ។
អាជ្ញាធរខណ្ឌបាមានលើកឡើងថា ជម្ងឺកូវីដ-១៩នៅតែបន្តកើតមាននៅក្នុងមូលដ្ឋានរាល់ថ្ងៃ ហើយភាគច្រើនកើតនៅតាមការដ្ឋានសំណង់ សិប្បកម្ម កម្មករនិងបុគ្គលិកក្រុមហ៊ុនឯកជន ដោយរាយប៉ាយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌនឹងពង្រឹងការអនុវត្តវិធានការម៉ឺងម៉ាត់បំផុត ទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីនិងថ្នាក់ជាតិដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះបន្ថទៀត។
ចំពោះការចាក់វ៉ាក់សាំងការពារកូវីដ-១៩វិញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ៖ នៅភ្នំពេញ ប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់មកទទួលការចាក់វ៉ាក់សាំងនូវឡើយទេ ដូច្នេះ អាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះស្រង់ស្ថិតិនិងស្វែងរកមូលហេតុឱ្យបានច្បាស់លាស់ ថាតើ ហេតុអ្វីមកដល់ម៉ោងនេះហើយពួកគាត់ នៅមិនទាន់បានចាក់វ៉ាក់សាំង។ ឯកឧត្តម បន្តថា ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកការចាក់វ៉ាក់សាំងនេះនៅតាមមណ្ឌលសុខភាពខណ្ឌទាំងអស់ ដោយផ្តើមអនុវត្តចាប់ពីថ្ងៃអាទិត្យទី២៧ មិថុនានេះរហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំង រួសរាន់មកទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីឱ្យក្រុមគ្រូពេទ្យយើង បានបន្តទៅចាក់ឱ្យប្រជាពលរដ្ឋនៅបណ្តាខេត្តផ្សេងៗទៀត៕ អរគុណសន្តិភាព