យោងតាមច្បាប់ ពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃដែលជាប្រភេទសត្វកម្រនោះទេ

ភ្នំពេញ៖ ក្រសួងបរិស្ថានសូមកោតសរសើរចំពោះក្រុមការងារអនុវត្តច្បាប់ចម្រុះដែលបានចុះដកហូតសត្វតោមួយក្បាល ដែលជាប្រភេទសត្វកម្រដើម្បីយកទៅឱ្យអ្នកជំនាញថែរក្សាការពារបន្ត។

ច្បាប់ស្តីពីព្រៃឈើមាត្រា ៤៩ ចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់ ហើយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា ៥៨ ការនាំចូល នាំចេញនូវប្រភេទសត្វ រុក្ខជាតិនិង គ្រាប់រុក្ខជាតិត្រូវស្នើសុំច្បាប់អនុញ្ញាត។ ក្រសួងបរិស្ថាន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សានិងអភិរក្សសត្វព្រៃ និងកុំព្យាយាមចាប់សត្វកម្រៗមកចិញ្ចឹម នៅតាមផ្ទះដែលជាសកម្មភាពខុសច្បាប់ គួរទុកសត្វទាំងនោះឱ្យនៅរស់នៅក្នុងព្រៃធម្មជាតិដើម្បីបង្កើនការបន្តពូជ បង្កើនចំនួនប្រភេទសត្វកម្រៗ។

អាជ្ញាធរចម្រុះបានចុះធ្វេីការដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិនដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន។ ក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោដែលជាប្រភេទសត្វព្រៃកម្រនេះ ដឹកនាំដោយ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។

ប្រតិបត្តិកាចុះដកហូតសត្វតោនោះ ធ្វេីឡេីងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ដែលជនជាតិចិនបានចិញ្ចឹមសត្វតោឈ្មោលមួយក្បាលជាប្រភេទសត្វព្រៃនៅក្នុងផ្ទះដោយខុសច្បាប់។ ដូចនេះនាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ បានប្រាប់ឱ្យដឹងថា ដោយសារមានប្រជាពលរដ្ឋជិតខាងបានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡាខាងលេីពីសំណាក់បុរសជនជាតិចិន ទេីបអាជ្ញាធរសហការជាមួយអាជ្ញារមូលដ្ឋានចុះធ្វេីការស្រាវជ្រាវឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដេីម្បីបញ្ជូនទៅថែរក្សាទុក៕ by MoE

