ព្រឹកស្អែកនេះ បើតាមការគ្រោងទុក វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ១លានដូសទៀត នឹងដឹកមកដល់កម្ពុជា
ភ្នំពេញ៖ យោងតាមប្រសាសន៍របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ស្អែកនេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៉ីណូវ៉ាក់ របស់ចិនចំនួន១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតត្រឹមថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ១០ ០២៤ ០០០ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ ៖
១-ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (ស៊ីណូហ្វាម) ចំនួន ២ ២០០ ០០០ដូស
២-ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២៤ ០០០ដូស និង
៣-ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន សុីណូវ៉ាក់ ចំនួន ៦ ៥០០ ០០០ដូស និង សុីណូហ្វាម ចំនួន ១ ០០០ ០០០ដូស ហើយវ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលបាន កំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។
កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួង ការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំង ប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣ ៨៨៦ ៥៣៤នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៣៨.៨៧%៕ ប្រភព អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា