សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្តែងនូវការត្រេកអរ អបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន ១០លានរៀល ព្រមទាំងសម្ភារៈផ្សេងទៀត ចំពោះមនុស្សទី៤លាន

ខេត្តកោះកុង៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន ៣លាននាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ យើងចាក់បានជាង៤លាននាក់ ក្នុងចំណោមមនុស្ស ១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី ៤លាន គឺបានទៅឈ្មោះ សូ សយ អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្តែងនូវការត្រេកអរ អបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន ១០លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ។លោកជំទាវ ឱ វណ្ណឌីន នឹងនាំសម្ភារៈថវិការទៅជូនលោក សូ សយ និងក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក។
សម្តេចក៏សូមអរគុណនិងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនយើង និងសូមអរគុណចំពោះមិត្តចិនដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង៤០ភាគរយនៃចំនួនដែលត្រូវចាក់។
ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេ មកដល់ពេលនេះកុំថាឡើយយើងចាក់បាន ៤លាននាក់ សូម្បីតែ ២០ម៉ឺននាក់ ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ៕
អត្ថបទដែលជាប់ទាក់ទង