ជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា(Delta) រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩
ភ្នំពេញ៖ ដោយមានក្តីបារម្ភបន្ទាប់ពីរកឃើញករណីឆ្លងជំងឺកូវីដ១៩ ដែលបម្លែងខ្លួនថ្មីជាច្រើនករណី ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋត្រូវបន្ដការពារខ្លួនព្រោះថា តាមរយៈធ្វើការតេស្ដលើពលករចំណាកស្រុកត្រឡប់មកពីប្រទេសថៃវិញ បានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) មានច្រើនករណី ។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចុះហត្ថលេខា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា «តាមរយៈការធ្វើតេស្តលើពលករចំណាកស្រុកត្រឡប់មកពីប្រទេសថៃឃើញថា មានការនាំចូលនូវជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ ដែលតា(Delta) មានច្រើនករណី ។
ដោយពិសោធន៍ការចម្លងនៃវីរុសនេះ នៅប្រទេសមួយចំនួន មានភាពសាហាវខ្លាំងជាងវីរុសកូវីដ-១៩ បំប្លែងមុនៗ ប្រហែលដល់ទៅ ១៥ដង ខ្លាំងជាងការចម្លងពីពេលកន្លងទៅ» ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្ដថា ទន្ទឹមនឹងនោះក៏មិនដឹងថា វីរុសកូវីដ-១៩នេះ មានអត្តចរិកបែបណា និងនៅកន្លែងណាដែរ រហូតដល់បច្ចុប្បន្ននេះ ហើយក៏មិនអាចដឹងដែរថា តើបុគ្គលដែលបានឆ្លងវីរុសនេះបានប៉ះពាល់អ្វីខ្លះដែលមានវត្តមានវីរុសនេះ ហើយបុគ្គល ដែលកើតជំងឺកូវីដ-១៩នេះ ក៏ប្រហែលជា មិនដឹងខ្លួនថាឆ្លងផង ។ វ៉ាក់សាំង គឺជាឧបករណ៍ដែលអាចជួយកាត់បន្ថយនូវភាពឈឺធ្ងន់ធ្ងរការសម្រាកនៅមន្ទីរពេទ្យ និងអត្រាស្លាប់ ។ ឯកឧត្តម បន្ថែមថា ប៉ុន្តែអ្វីដែលអ្នកវិទ្យាសាស្ត្រ បានស្រាវជ្រាវដឹងនោះ គឺបណ្តាលមកពីកង្វះខាត ក្នុងការអនុវត្តន៍វិធានការការពារខ្លួនបានត្រឹមត្រូវ និងដោយហ្មត់ចត់ ជាពិសេស ហានិភ័យខ្ពស់នៅពេលដែលបុគ្គលចល័ត ធ្វើដំណើរចេញពីផ្ទះពីកន្លែងមួយទៅកន្លែងមួយ ដោយភ្លេចអនុវត្តន៍វិធានការការពារខ្លួន ឬអនុវត្តមិនបានខ្ជាប់ខ្ជួន ។
ជាងនេះទៅទៀត ឯកឧត្តម រដ្ឋមន្ដ្រីសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជាឲ្យបន្តការពារខ្លួនកុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកដែលថា (រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩) សំដៅបង្ការគ្រប់ គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមាននៅក្នុងប្រទេសកម្ពុជា ជាយថាហេតុណាមួយ»។
ឯកឧត្តម បន្តថា ការចូលរួមរបស់ប្រជាពល រដ្ឋទាំងអស់ដើរតួនាទីសំខាន់ណាស់ គឺដើម្បីការពារបុគ្គលខ្លួនឯង ក្រុមគ្រួសារខ្លួន និងសហគមន៍របស់ខ្លួន និងអ្នកដទៃឲ្យបានរស់នៅប្រកបដោយសុវត្ថិភាព និងអាចរក្សាជីវភាររស់នៅដោយអាចប្រព្រឹត្តការប្រកបមុខរបរចិញ្ចឹមជីវិតបាន ។
ក្រសួងបានឲ្យប្រជាពលរដ្ឋពាការពារ ៖ ១. ពាក់ម៉ាស់ ៖ ជាពិសេសនៅពេលកំពុងពាក់ម៉ាស់ សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស់ ឬ ទាញម៉ាស់ដាក់ក្រោមចង្ការ និងត្រូវដូរម៉ាស់ថ្មី នៅពេលវាសើម ។ ២. លាងដៃឱ្យញឹក ញាប់ជាមួយសាប៊ូក្នុងរយៈពេល៤០វិនាទី ឬ ជាមួយអាល់កុលដែលក្នុងរយៈពេល ២០ វិនាទី ៣. រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង ៖ ទោះបីជាបងប្អូន សមាជិកគ្រួសារ សាច់ញាតិ ដែលមានការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីអ្នក ឬក៏មិត្តភ័ក្ត្រជិតស្និទ្ធក៏ដោយ ។
១. កុំទៅកន្លែងមានមនុស្សកុះករច្រើន ក្នុងន័យនេះរាប់ទាំងការជួបជុំផឹកស៊ីជាលក្ខណៈគ្រួសារសាច់ញាតិដែលមានការ ស្នាក់នៅក្នុងគេហដ្ឋានផ្សេង ។
២. កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ពីអ្នក ឬ មិត្តភ័ក្ត្រជិតស្និទ្ធ ។
៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា សូម្បីតែសមាជិកគ្រួសារ សាច់ញាតិ ដែលមានការស្នាក់នៅក្នុងគេហដ្ឋាន ផ្សេងពីអ្នក ឬ មិត្តភ័ក្ត្រជិតស្និទ្ធ ។
ការអនុវត្តន៍វិធានការ ៣កុំ គឺត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ និងសូមអាជ្ញាធរមូលដ្ឋានជំរុញការអនុវត្ត ៣ការពារ និង៣កុំ នេះឱ្យបានល្អប្រសើររួមជាមួយនឹងការតាម ដានព្រមទាំងដាក់ចេញនូវការអនុវត្តច្បាប់ជាធរមានផងដែរ ៕