សប្បុរសជន ៤៤រូប ប្រគល់ថវិកាជាង១ម៉ឺនដុល្លារជូនរដ្ឋបាលរាជធានី សម្រាប់ទិញគ្រែ ដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សំរាកព្យាបាលនៅតាមមណ្ឌលព្យាបាលនានា

ភ្នំពេញ៖ លោកស្រី កែវ មុំ តំណាងអោយសមាជិក សមាជិកា សមាគមកាយឬទ្ធិកម្ពុជា និងសមាគមសមាធិព្រះធម្មកម្ពុជា ចំនួន ៤៤រូប បាននាំយកថវិកា ចំនួន ១២០៦៨ដុល្លារ ឧបត្ថម្ភជូនរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចូលរួមទិញគ្រែ ដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សំរាកព្យាបាលនៅតាមមណ្ឌលព្យាបាលនានា នៅរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលថវិកានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ មិថុនានេះ ក្រោមវត្តមាន លោក ហួត ហៃអភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី កែវ មុំ តំណាងឱ្យសមាជិក សមាជិកា សមាគមកាយឬទ្ធិកម្ពុជានិងសមាគមសមាធិព្រះធម្មកម្ពុជា នៅសាលារាជធានីភ្នំពេញ។


លោក ហួត ហៃ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ លោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ អស់លោក លោកស្រី ក្នុងសមាគមកាយឬទ្ធិកម្ពុជា និង សមាគមសមាធិព្រះធម្មកម្ពុជា ចំនួន ៤៤រូប ដែលបានឧបត្ថម្ភថវិកា ចំនួន ១២០៦៨ដុល្លារ ជូនរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចូលរួមទិញគ្រែ ដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សំរាកព្យាបាលនៅតាមមណ្ឌលព្យាបាលនានា នៅរាជធានីភ្នំពេញ។


តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ -១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូរនិងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-​១៩(Covid-19)” សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង