ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារយុទ្ធសាស្ត្រនិងផែនការសកម្មភាពសេដ្ឋកិច្ចវិលជុំ

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom Webinar) ស្តីពីការដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវឯកសារយុទ្ធសាស្ត្រ និងផែនការសកម្មភាពសេដ្ឋកិច្ចវិលជុំ ក្រោមអធិបតីភាពឯកឧត្តមទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពី ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតវិសមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា ឯកឧត្តម Björn Häggmark ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា លោក Nick Beresford នាយក UNDPប្រចាំកម្ពុជានិងសហការី តំណាងមកពីក្រសួង-ស្ថាប័ន អាជ្ញាធរខេត្តគោលដៅ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនចូលរួម។
ដោយមានការគាំទ្រពី UNDP ស្ថានទូតជប៉ុន និងស៊ុយអែតប្រចាំនៅកម្ពុជា សិក្ខាសាលាផ្សព្វផ្សាយនេះមានគោលបំណង ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារយុទ្ធសាស្ត្រ និងផែនការសកម្មភាពសេដ្ឋកិច្ចវិលជុំ និងផ្សព្វផ្សាយពីចក្ខុវិស័យ បេសកកម្មជារួម និងបង្ហាញពីសកម្មភាពជាអាទិភាពនៃគោលដៅជាយុទ្ធសាស្ត្រទាំង ៥ រួមមាន៖
១. បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់វត្ថុធាតុដើម និងជំរុញឱ្យមានការរចនា ការផលិតឡើងវិញ និងការចែកចាយប្រកបដោយចីរភាព
២. ជំរុញឱ្យមានការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ឡើងវិញ និងការជួសជុលប្រកបដោយប្រសិទ្ធភាព
៣. កែលម្អការប្រមូល និងកែច្នៃសំណល់
៤. ធានាឱ្យមានការគ្រប់គ្រងសំណល់ដែលនៅសល់ចុងក្រោយប្រកបដោយប្រសិទ្ធភាពការជំរុញការសាកល្បងចំពោះការប្រើប្រាស់យុទ្ធសាស្ត្រសេដ្ឋកិច្ចវិលជុំសម្រាប់វិស័យឯកជន និងលើកទឹកចិត្តវិស័យឯកជន និងជំរុញការចូលរួមបន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសុវត្ថិភាពបរិស្ថាន និងសុខភាពសាធារណៈ។ by MoE





