Detail Top Banner

បើទោះបីស្ថិតក្នុងស្ថានភាពកូវីដ-១៩ ក៏ការងារស្តារប្រឡាយ ទួលពង្រទី២ នៅខណ្ឌពោធិសែនជ័យ ជាង៦គីឡូម៉ែត្រ សម្រេចបាន៤០ភាគរយហើយ

ភ្នំពេញ៖ បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញនៅតែបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗជាដើម ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ។


ជាក់ស្ដែងនៅថ្ងៃទី០២ កក្កដា នេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងស្តារប្រឡាយ
ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជ័យ លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃនេះថា ដោយមានការយកចិត្តទុកដាក់និងការចង្អុលណែនាំពីឯកឧត្តម ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ បញ្ហាលិចលង់ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាព ស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដើម្បីបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយព្រែកហា។


លោក ដួង ចាន់សារ៉ាត់ បានបន្តថា ប្រឡាយ​ទួល​ពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២ និងចោមចៅទី១ នៃខណ្ឌពោធិសែនជ័យ ប្រឡាយនេះមានប្រវែង ៦១០០ម៉ែត្រ មានទទឹងពី ១០ម៉ែត្រទៅ ១៥ម៉ែត្រ និងមានជម្រៅចាប់ពី ២,៥ម៉ែត្រ ទៅ ៣,៥ម៉ែត្រ ។ ប្រឡាយនេះ មានតួនាទីជាប្រឡាយមេបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយព្រែកហា ដែលអាចកាត់បន្ថយទឹកជំនន់ ទឹកភ្លៀងនៅភាគខ្លះនៃខណ្ឌកំបូល រួមមានសង្កាត់ប្រទះឡាង និងខណ្ឌពោធិសែនជ័យ រួមមានសង្កាត់ចោមចៅ២ ចោមចៅ១ និងភាគខ្លះនៃខណ្ឌដង្កោ រួមមានសង្កាត់ព្រៃសជាដេីម ។


លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ទៀតថា៖ ការងារ​ស្តារ​ប្រឡាយនេះបានចាប់ផ្តេីមដំណេីរការ កាលពីថ្ងៃទី២៧ ខែឧសភា ​ឆ្នាំ​២០២១ ហើយបើគិតត្រឹម​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ជាលទ្ធផលស្តារបានប្រវែង ២៥០០ម៉ែត្រ ស្មើនឹង៤០%នៃផែនការ ។


ការងារស្តារប្រឡាយទួលពង្រទី២នេះ តាមផែការ ការងារគឺ ប្រេីប្រាស់រយៈពេលចំនួន៣ខែ ដោយគ្រោងនឹងស្តារបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង