ដំណើរការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយលើក ថ្មី បើកចាក់ជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត និងប្រគេនព្រះសង្ឃក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវី១៩ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យបើកដំណើរការ
ចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី និងប្រមាណ ៦០ ០០០នាក់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ព្រមទាំងប្រគេនព្រះសង្ឃមួយចំនួនមកពីទូទាំងខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា ទីតាំងគោលដៅដែលរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត ក៏ដូចគ្រប់អ្នកពាក់ព័ន្ធ បានរៀបចំវ៉ាក់សាំងមកដល់វគ្គថ្មីជូននោះមាន ៩គោលដៅ រួមមាន ៖
១.ស្ថានីយរថភ្លើង ២ក្រុម ២.មណ្ឌលសំចត ២ក្រុម ៣.វត្តផ្សារកណ្តាល ២ ក្រុម, ៤.វត្តរស្មីទួលពង្រ ២ ក្រុម ៥.សាលារៀនបឋមសិក្សាស្រះត្រាច និមិត្ត២ ក្រុម ,៦.វត្តនិមិត្តសុធីរាមកូនដំរី ១ ក្រុម,៧.វត្តត្រាច ២ ក្រុម ៨.សាលាបឋមសិក្សាអូរឬស្សី ២ ក្រុម ៩.ទល់មុខសាលាក្រុង ១ ក្រុម ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងជម្រាបជូន ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ កម្មការិនីទាំងឡាយថា ៖ វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ។ ដូច្នេះហើយ បងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។
ហើយក្នុងនាមរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន ។
ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ លោកអភិបាលខេត្តបានដាក់ចេញនូវផែនការលម្អិត ដោយចាត់ក្រុមគ្រូពេទ្យ កម្លាំងនិងក្រុមការងារយុវជន ដើម្បីចាត់ចែងទទួលរៀបចំ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ កម្មការិនី ឱ្យមានសណ្តាប់ធ្នាប់ ស្របតាមវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ.១៩ និងអាចជួយពន្លឿន ដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន និងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋ បានឆាប់រហ័ស ។
ដោយឡែក លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាដនាខេត្តបន្ទាយមានជ័យប្រាប់ថ្ងៃទី១ ខែកក្កដាថា៖ ចំពោះមន្ត្រីសង្ឃគណខេត្ត អនុគណស្រុកក្រុង ព្រះសង្ឃមេវត្ត(ចៅធិការ) គ្រូសូត្រស្តាំ គ្រូឆ្វេងចំនួន ៣៤៦ អង្គ(មកពីខេត្តនិង៨ក្រុងស្រុក)និង ២៣៦អង្គ(មកពីក្រុងប៉ោយប៉ែត) បានទទួលការចាក់នៅទីតាំងវត្តនិមិត្តសុធីរាមឬកូនដំរី ៕