រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៤៧នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៩នាក់
ខេត្តសៀមរាប៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦.០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ៦៧នាក់ ស្រី ២៨នាក់ ក្នុងនោះកុមារា ១នាក់ កុមារី ៣នាក់ មានដូចខាងក្រោម៖
១- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ៣នាក់ ស្រី ១នាក់ កុមារា ០០នាក់ កុមារី ០០នាក់
២- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ១៣នាក់ ស្រី ៤នាក់ កុមារា ០០នាក់ កុមារី ០០នាក់
៣- សម្រាប់ច្រករបៀងម៉ាឡៃ ចំនួន ១២នាក់ ស្រី ៦នាក់ កុមារា ១នាក់ កុមារី ១នាក់
៤- សម្រាប់ច្រកអន្តរជាតិអូរស្មាច់ ចំនួន ៣១នាក់ ស្រី ១៣នាក់ កុមារា ០០នាក់ កុមារី ២នាក់
៥- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់
៦- ខេត្តប៉ៃលិន ច្រកព្រំ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ ។
សូមបញ្ជាក់៖ ពួកគាត់ទាំង ៦៧នាក់ ស្រី ២៨នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាប ក្នុងថ្ងៃនេះទាំងអស់។
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈនេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៤៧នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៩នាក់ និងស្លាប់ ចំនួន ១នាក់ ៖
ករណីទី១ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី
ករណីទី៦ ដល់ទី១៣ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និង
ករណីទី១៤ ដល់ទី១៧ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ ក្នុងនោះ
ករណីទី១៨ ដល់ទី១៩ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២
ករណីទី២០ ដល់ទី២១ ជាករណីមានប្រភពចម្លងចេញពីស្រុកសូទ្រនិគម និងស្រុកជីក្រែង
ករណីទី២២ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក ជាមួយគ្នានេះ
ករណីទី២៣ ជាករណីមករកសេវាព្យាបាលនៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន និង
ករណីទី២៤ ដល់ទី៤៧ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
ឯអ្នកជាសះស្បើយទាំង ២៩នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀត។
នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ ឆេង លួម ភេទស្រី អាយុ៦៦ឆ្នាំ អាសយដ្ឋានភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦៖៣០នាទី និងបានស្លាប់នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៨៖៣០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៣២០នាក់ បានព្យាបាលជាសះស្បើយចំនួន ៥១២នាក់ ស្លាប់ ១៤នាក់ និង ៧៩៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕