និស្សិតយោធាកម្ពុជា ៦រូប ដែលត្រូវបានសហរដ្ឋអាមេរិកផ្តាច់អាហារូបករណ៍ដោយហេតុផលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញថ្លៃសិក្សាជំនួស

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចបន្តបង់ថ្លៃសិក្សារហូតដល់ទីបញ្ចប់ សម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង ៦រូប ដែលត្រូវសហរដ្ឋអាមេរិកផ្តាច់អាហារូបករណ៍ ដោយសារតែហេតុផលនយោបាយ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការផ្តាច់អាហារូករណ៍ចំពោះនិស្សិតខ្មែរ ៦រូបនោះ គឺជាការសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំចំណាត់ការបន្ទាន់ និងចាំបាច់ ពាក់ព័ន្ធនឹងការសិក្សារបស់សិស្សបណ្ឌិតសភាយោធាកម្ពុជា ចំនួន ៦រូប ដែលកំពុងសិក្សានៅតាមបណ្តាសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិកតែម្តង។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងដូច្នេះថា៖ «ដោយមើលឃើញអំពីការលំបាករបស់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំងអស់ ដែលបណ្តាលមកពីការបញ្ឈប់នូវកាតព្វកិច្ចនៃការបង់ថ្លៃសិក្សាពីសំណាក់ ភាគីអាមេរិក និងនៅក្នុងស្មារតីទទួលខុសត្រូវចំពោះអនាគត និងផលប្រយោជន៍របស់សិស្សបណ្ឌិតសភាយោធាកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់ សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង ៦រូប រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួនជាស្ថាពរ។ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់ សហរដ្ឋអាមេរិក នៅក្នុងចំណាត់ការនេះ»។

សូមបញ្ជាក់ថានិស្សិតកម្ពុជាចំនួន ៦នាក់ ដែលកំពុងសិក្សាតាមរយៈអាហារូបករណ៍ នៅសាលាបណ្ឌិតសភាយោធាចំនួន៤ ក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រាប់ឲ្យផ្អាកការសិក្សាមុនពេលកំណត់។ និស្សិតទាំង ៦រូបនេះ កំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន ២រូប បណ្ឌិតសភាទ័ពអាកាសចំនួន ២រូប កងទ័ពជើងទឹកចំនួន ១រូប និងឆ្មាំសមុទ្រចំនួន ១រូប។
ការសម្រេចផ្អាកអាហារូបករណ៍នេះ បណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលធ្វើការសម្រេចចិត្តដោយអសីលធម៌ ក្រោមហេតុផលនយោបាយ ខណៈដែលប្រទេសទាំងពីរមានភាពចម្រូងចម្រះក្នុងទំនាក់ទំនងកន្លងមក៕ by FN

