Detail Top Banner

រកឃើញវិជ្ជមានជំងឺកូវីដ.១៩ថ្មី ២៧នាក់បន្ថែមទៀត


ខេត្តរតនគិរី៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញមនុស្សចំនួន ២៧នាក់បន្ថែមទៀត ដែលបានរកឃើញកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបើកការធ្វើតេស្តរហ័ស បន្តរកឃើញអ្នកវិជ្ជមាន កូវីដ.១៩។
ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលទើបរកឃើញថ្មីនេះ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលបានរកឃើញនាពេលកន្លងមក ហើយអាជ្ញាធរខេត្តតម្រូវឲ្យបុគ្គលទាំងនោះ មកធ្វើតេស្ដសំណាក និងមួយចំនួនទៀត មានអាការៈមិនស្រួលខ្លួន បានស្ម័គ្រចិត្តមកធ្វើតេស្ដសំណាក ដោយខ្លួនឯង។
រដ្ឋបាលខេត្តរតនគិរី បន្ដអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក ឬដាក់ខ្លួនឲ្យនៅដោយឡែកពីអ្នកដទៃ ព្រមទាំងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់។


រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា ជាលទ្ធផលធ្វើតេស្តរហ័ស ក្នុងចំណោមសំណាក ៥៧០នាក់ រកឃើញវិជ្ជមានកូវីដ.១៩ ចំនួន ២៧នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃទី២ ខែកក្កដា នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ៥៣២នាក់ ព្យាបាលជាសះស្បើយចំនួន ៦១នាក់ និងស្លាប់ ៤នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង