ឯកឧត្តម ហេង រតនា៖ ប្រសិទ្ធភាពផ្ទុះនៃកូនគ្រាប់បែកចង្កោមមួយគ្រាប់អាចកំទេចសត្រូវនៅលេីដីទំហំផ្ទៃក្រឡា ២០ម៉ែត្រគុណនឹង២០ម៉ែត្រ ឬ ១២០ម៉ែត្រគុណនឹង២៤០ម៉ែត្រ

ឯកឧត្តម ហេង រតនា បានសរសេរបង្ហោះអំពី គ្រាប់បែកចង្កោមជាសំណល់យុទ្ធភ័ណ្ឌពីសង្គ្រាមមួយប្រភេទនៅកម្ពុជា បរិមាណកូនគ្រាប់បែកចង្កោមតិចឬច្រេីន ដែលទម្លាក់នៅទីតាំងនិមួយៗ គឺទៅតាមប្រភេទមេគ្រាប់បែក ដែលដឹកតាមប្រភេទយន្តហោះទម្លាក់គ្រាប់បែកនានា ដោយអាចមានចំនួនពីជាង ៤០០កូនគ្រាប់បែកចង្កោមទៅជិត ៧០០គ្រាប់ ក្នុងគ្រាប់បែកធំមួយ! ប្រសិទ្ធភាពផ្ទុះនៃកូនគ្រាប់បែកចង្កោមមួយគ្រាប់អាចកំទេចសត្រូវនៅលេីដីទំហំផ្ទៃក្រឡា ២០ម៉ែត្រគុណនឹង២០ម៉ែត្រ ឬ ១២០ម៉ែត្រគុណនឹង២៤០ម៉ែត្រ ដោយអាស្រ័យលេីកំពស់ទម្លាក់ និងកំរិតស្ថានភាពផ្ទុះរបស់កូនគ្រាប់បែកចង្កោមនិមួយៗ។
នៅចំពោះមុខនេះ បេីយោងតាមឯកសារនានាបានឲ្យយេីងដឹងថា ចំនួនតួរលេខនៃកូនគ្រាប់បែកចង្កោមនេះពី ២៦លានទៅ ៣០លានគ្រប់ ត្រូវបានប្រេីប្រាស់លេីទឹកដីនៃព្រះរាជាណាចក្រដ៍តូចមួយនេះ។ បេីយោងតាមបទពិសោធន៍របស់យេីងអាចវាយតំលៃបានថា ប្រហែលមួយភាគបួននៃកូនគ្រាប់បែកចង្កោមទាំងនេះ ទម្លាក់មក មិនទាន់ផ្ទុះនោះទេ បេីផ្អែកតាមការកំណត់ពីរោងចក្រផលិតគ្រាប់បែកនេះ គឺកំរិតកំហុសមិនផ្ទុះមានចំនួនប្រមាណ៥%! អញ្ចឹងបានន័យថា ការកំណត់កំរិតកំហុសមិនផ្ទុះនៃកូនគ្រាប់បែកចង្កោមរបស់អ្នកផលិត និងអ្នកប្រេីមិនដូចគ្នាទេ ហេីយអ្នកវេទនា គឺអ្នកទទួលរងការទម្លាក់លេី បេីវាផ្ទុះគ្រោះថ្នាក់ស្លាប់.របួសពេលទម្លាក់ តែប្រសិនបេីកូនគ្រាប់បែកចង្កោមមិនទាន់ផ្ទុះទេនោះ វាស្ថិតនៅរាយប៉ាយអាចបន្តបង្កផ្ទុះគ្រោះថ្នាក់ដល់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅពេលណាមួយដែលមានការប៉ះទង្គិចវា ។





