ការរៀបចំពិធីសែនក្រុងពាលីបើកការដ្ឋានជួសជុលប្រាសាទ មួយចំនួននៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

នាថ្ងៃច័ន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១:៣០នាទីរសៀល ក្រោមអធិបតីឯកឧត្តម ផាន់ ណាឌី អគ្គនាយក អាជ្ញាធរជាតិសំបូរព្រៃគុក (អ.ជ.ស.ព.) ដោយមានការចូលរួមដោយថ្នាក់ដឹកនាំ មន្ត្រី មន្ត្រីកិច្ចសន្យា កម្មករជំនាញ នៃអ.ជ.ស.ព. និងប្រជាពលរដ្ឋ បានរៀបចំពិធីសែនប្រុងពលិ បើកការដ្ឋាន ជួសជុលប្រាសាទកណ្តាល (C1) នៃ ក្រុមប្រាសាទតោ។

ការងារនេះគឺជាផ្នែកមួយផ្សេងទៀតនៃការរួមចំណែកក្នុងកិច្ចអភិរក្ស គាំពារបណ្តាប្រាង្គប្រាសាទដែលប្រឈមនឹងហានិភ័យក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយនាយកដ្ឋាន រមណីយដ្ឋាន បុរាណវិទ្យា និងអភិរក្ស នៃ អ.ជ.ស.ព. ។

គួរបញ្ជាក់ថា ក្រុមប្រាសាទតោ ស្ថិតនៅចន្លោះក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទយាយព័ន្ធ នៃតំបន់ប្រាសាទសំបូរព្រៃគុក។ ក្រុមនៃនៅបន្សល់ប្រាង្គឈរនៅគង់វង្សតែមួយគត់ គឺប្រាង្គកណ្តាលនេះឯង។ ប្រាង្គនេះសាងពីឥដ្ឋ និងមានលម្អដោយថ្មភក់យ៉ាងវិចិត្រ ដែលអ្នកស្រាវពុំទាន់ឯកភាពគ្នា ប៉ុន្តែទោះជាយ៉ាងណាក៏អាចស្នើឡើងថាជាស្ថាបត្យកម្មក្នុងរវាង ចុងសតវត្សរ៍ទី៧ និងចុងសតវត្សរ៍ទី៨ (ក្នុងរចនាបថព្រៃក្មេង និងកំពង់ព្រះ)។ បើនិយាយពីសំណង់ស្ថាបត្យកម្ម ប្រាសាទនេះគឺជារចនាសម្ព័ន្ធធំៗសំខាន់ជាងគេបង្អស់មួយក្នុងសម័យមុនអង្គរ ដែលបានបន្សល់រហូតមកដល់សព្វថ្ងៃ។

