អាជ្ញាធររាជធានីបាននឹងកំពុងជួសជុលផ្លូវនិងដាក់បណ្ដាញលូនៅ ផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល បើទោះបីកំពុងប្រឈមជម្ងឺកូវីដ-១៩
ភ្នំពេញ៖ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែទោះបីជាយ៉ាងក្តីឯកឧត្តមមិនបានភ្លេចពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានដូចជាផ្លូវ ប្រឡាយ លូ ជាដើមនោះទេ មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឯដៃម្ខាងទៀត ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះមិនមានការថមថយនោះ។
ជាក់ស្តែនៅពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើការជួសជុលផ្លូវនឹងដាក់បណ្ដាញលូនៅតាមបណ្ដោយផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុលហៅ(ផ្លូវ២០០៤) និងការដាក់លូជាច្រើនខ្សែទៀត នៅទីតាំងនេះផងដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនិងការដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀងផងដែរ។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា កំណាត់ផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល(ផ្លូវ២០០៤) ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពេលនេះបាននិងកំពុងធ្វើការជួសជុល ដោយចាក់បេតុង ឆ្អឹងដែក កំរាស់២តឹក ចាប់ពីផ្លូវលេខ២៧១ រហូតដល់អតីតបញ្ជរបង់ប្រាក់ មានប្រវែង២០៩ម៉ែត្រនិងទទឹង ពី ១៨ម៉ែត្រទៅ២០ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានខណ្ឌសែនសុខ ។ ជាមួយនឹងការជួសជុលកំណាត់ផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានការដាក់ប្រព័ន្ធលូ បង្ហូរទឹកទំហំ ១ម៉ែត្រសង្ខាងផ្លូវ ដាក់លូកាត់ទទឹងផ្លូវ ទំហំ១ម៉ែត្រ២តឹក ចំនួន២ខ្សែ ដោយភ្ជាប់ទៅលូនៅផ្លូវ៣៧១ផងដែរ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ក្រៅពីការងារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានការកែលម្អ ប្រព័ន្ធលូចំណុចប្រសព្វផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល(ផ្លូវ២០០៤)កែងផ្លូវ៣៧១ ផងដែរ ដោយដាក់លូជ្រុងអក្សរ U ដើម្បីដោះស្រាយការលិចដោយជំនន់ទឹកភ្លៀងនៅតំបន់នេះ ៕