រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ.១៩ ចំនួន ២នាក់បន្ថែមទៀត


ខេត្តរតនគិរី៖ បន្ទាប់ពីមានការផ្ទុះរីករាលដាលក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កម្ភៈ កន្លងមក នៅខេត្តរតនគិរី មានការថមថយយ៉ាងខ្លាំង ចំពោះការឆ្លងរីករាលដាល នៃជម្ងឺកូវីដ.១៩។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញមនុស្សចំនួន ២នាក់ បន្ថែមទៀត ដែលបានរកឃើញ កាលពីថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២១ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបើកការធ្វើតេស្តរហ័ស បន្តរកឃើញអ្នកវិជ្ជមានកូវីដ.១៩។


ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលទើបរកឃើញថ្មីនេះ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលបានរកឃើញនាពេលកន្លងមក ហើយអាជ្ញាធរខេត្តតម្រូវឲ្យបុគ្គលទាំងនោះ មកធ្វើតេស្ដសំណាក និងមួយចំនួនទៀត មានអាការៈមិនស្រួលខ្លួន បានស្ម័គ្រចិត្តមកធ្វើតេស្ដសំណាក ដោយខ្លួនឯង។
បើទោះជាមានថមថយយ៉ាងនេះក្ដី រដ្ឋបាលខេត្តរតនគិរី បន្ដអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក ឬដាក់ខ្លួនឲ្យនៅដោយឡែកពីអ្នកដទៃ ព្រមទាំងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់។
រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា ជាលទ្ធផលធ្វើតេស្តរហ័ស ក្នុងចំណោមសំណាក ៦២១នាក់ រកឃើញវិជ្ជមានកូវីដ.១៩ ចំនួន ២នាក់ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែកក្កដា នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ៦០២នាក់ ព្យាបាលជាសះស្បើយចំនួន ១៩០នាក់ និងស្លាប់ ៤នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង