គម្រោងចាក់វ៉ាក់សាំងនៅ៤សង្កាត់នៃក្រុងសិរីសោភ័ណនឹងធ្វើរយៈពេល២សប្តាហ៍គិតពីថ្ងៃទី១០ខែកក្កដា តទៅ
ខេត្តបន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំកងកម្លាំងនិងអាជ្ញាធរ បានប្រជុំពិភាក្សាលើការត្រៀមដំណើរការយុទ្ធនាការទ្រង់ទ្រាយធំលើកទី២ ចាក់វ៉ាក់សាំងបង្ការការពារជម្ងឺកូវីដ១៩ ជូនពលរដ្ឋនៅ៤សង្កាត់នៃប្រជុំជនក្រុងសិរីសោភ័ណ ។
កិច្ចប្រជំនោះប្រព្រឹត្តទៅនៅសួនច្បារនៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ម៉ក់ សារុន អគ្គមេបញ្ជការរងនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរៈភូមិន្ទនិងលោក អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្ត ។
និងចូលរួមដោយនាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ដែលមកពីសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋាន បញ្ជការដ្ឋានយោធភូមិភាគទី៥ បញ្ជាការដ្ឋានយោធភូមិភាគទី៥ ទិសទី១ បន្ទាយមានជ័យ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត បញ្ជាការកងរាជអាវុធហត្ថខេត្ត្ត មេបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ រដ្ឋបាលក្រុងសិរីសោភ័ណ ជាដើម ។
លោកអ៊ុំ រាត្រី បានប្រសាសន៍ថា ៖ គម្រោងយុទ្ធនាការលើកទី២ នៃការចាក់វ៉ាក់សាំងនេះ បានលើកពេល១ថ្ងៃទី៩ខែកក្កដា។
ប៉ុន្តែនឹងចាប់ផ្តើមពីព្រឹកថ្ងៃទី១០ខែកក្កដា២០២១ តទៅ ក្នុងរយៈពេល២សប្តាហ៍នឹងដំណើរការដោយសកម្ម។
ពោលគឺជំហានទី១ គ្រូពេទ្យយោធាគ្រោងចាក់ជូន លើពលរដ្ឋជាង៥ម៉ឺននាក់ នៅ៤សង្កាត់។និងបន្ទាប់មកនៅសង្កាត់៣ទៀត ព្រមទាំងនៅស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរីនិងស្រុកម៉ាឡៃ ។ឯគ្រូពេទ្យ មន្ទីរសុខាភិបាលនឹងធ្វើនៅស្រុកអូរជ្រៅ ។
ចំពោះក្រុងសិរីសោភ័ណនេះគឺក្នុង១សង្កាត់មានទីតាំងចាក់សាំង២កន្លែង។
ទី១/ សម្រាប់ពលរដ្ឋនៅសង្កាត់ទឹកថ្លា ត្រូវទទួលការចាក់វ៉ាកសាំងនៅទីតាំងសាលាបឋមសិក្សាគាប។និងទីតាំងតំបន់ប្រតិបត្តិនារសឹករងខេត្ត(យោធាខេត្ត) ។២/ សង្កាត់អូរអំបិល នៅទីតាំងសាលាបឋមសិក្សាគោរដ្ឋាននិងទីតាំងតំបន់ប្រតិបត្តិនារសឹករងខេត្ត(យោធាខេត្ត។
ទី៣/ សង្កាត់ព្រះពន្លា នៅទីតាំងវត្តសមាធិ ភូមិ៤ និងនៅវិទ្យាល័យពុទ្ធកៈសម្តេចធម្មពោធិសាលជា ស៊ីម នាវត្តស្វាយចាស់ ភូមិ១ ។
និងទី៤/ សង្កាត់កំពង់ស្វាយ នៅទីតាំងសាលាបឋមសិក្សាហ៊ុនសែនសូភីភូមិសូភីនិងនៅសាលាបឋមសិក្សាប៉ោយសូភី ភូមិ២ ។
លោកបានបន្តថានកាលពីល្ងាចថ្ងៃទី៨ខែកក្កដា កន្លងមក ខេត្តនេះទទួលវ៉ាក់សាំងពីថ្នាក់លើចំនួន៥,៥ដូស។ហើយល្ងាចថ្ងៃទី៩ខែកក្កដា នឹងទទួលបន្តែមទៀត ។
លោកឧត្តមសេនីយទោសេង ធារិន បញ្ជាការង ជានាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារកូវីដ១៩ យោធភូមិភាគបានអោយដឹងថា៖ គ្រូពេទ្យយោធាមកពី១២អង្គភាពចំណុះយោធភូមិភាគនឹងជួយអន្តរាគមន៍លើផ្នែកចាក់វ៉ាក់សាំង ។
ឯកម្លាំងកងរាជអាវុធហត្ថ មន្ត្រីអាជ្ញាធរ ប្រជាការពារ យុវជនសសយកនឹងជួយលើការសម្របសម្រួលបែបបទរដ្ឋបាល សណ្តាប់ធ្នាប់ ការចុះ និងហៅឈ្មោះ ផ្ទៀងផ្ទាត់បញ្ជូលទិន្នន័យក្នុងកុំព្យួទ័រជាដើម ។
លោកនាយឧត្តមសេនីយ៍ម៉ក់ សារុន អគ្គមេបញ្ជការរងនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរៈភូមិន្ទបានកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមការងារទាំងកងកម្លាំង ទាំងអាជ្ញាធរដែលបានខិតខំប្រឹងប្រែង ត្រៀមរៀបចំកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនពលរដ្ឋនៅតំបន់បិទខ្ទប់ បន្ទាប់ពីមានការផ្ទុះខ្លាំង ការរីករាលដាលជម្ងឺកូវីដ១៩ និងប្រឈមនេះ។
លោកនាយឧត្តមសេនីយ៍ម៉ក់ សារុន បានណែនាំទូទៅ វិន័យ ការទទួលខុសត្រូវចំពោះថ្នាក់លើ ក៏ដូចពលរដ្ឋ និងបច្ចេកទេសដើម្បីអោយដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តទៅរលូន បានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ៕