Detail Top Banner

បំបែកសំណុំរឿងសមត្ថកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងឈ្មួញឃុបឃិតនាំសាច់ជ្រូកនិងសាច់មាន់១០តោនទៀតចូលប្រទេសកម្ពុជា


ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចពេទ្យសត្វក្រសួងនិងខេត្តបន្ទាយមានជ័យ ព្រមទាំងការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានបំបែកសំណុំរឿងមួយទៀតដែលសង្ស័យសមត្ថកិច្ចនានានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងឈ្មួញឃុបឃឹតគ្នាលួចនាំចូលប្រទេសកម្ពុជានូវកញ្ចប់សាច់ជ្រូកនិង សាច់មាន់ ដែលលើនេះរកឃើញប្រមាណ១០តោន។


ការឆ្មក់បង្ក្រាបទើបតែបានលើកនេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តង់ត្រី​១កន្លែង ក្រោយអគារផ្កាយ៣ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


នេះបើតាមលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត័មាននាថ្ងៃត្រង់ទី១៤ខែកក្កដា ។
លោកបន្តថា ៖ ទំនិញម្ហូបអាហារវេចខ្ចប់ដាក់ក្នុងធុងស្នោទម្ងន់ប្រមាណ១០តោនផ្ទុកបង្កប់ជាមួយរថយន្តធំដែលដឹកផលិតផលជលផលនោះ រួមមាន៖ សាច់ជ្រូកដែលកាប់រួចជាស្រេច មានជើង គ្រឿងក្នុង សាច់ ក្បាល និងសាច់មាន់។


លោក ហ៊ុយ ទូច ឲ្យដឹងបន្តថា៖ នេះជាការការនាំចូល ហើយអាចមិនមែនជាលើកទី១នេះដែរ។
ទំនិញសាច់ជ្រូក សាច់មាន់ទាំងនេះ ពុំមានច្បាប់អនុញ្ញាតិ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងអគ្គនាយកដ្ឋានផលិតកម្មនិងសុខភាពសត្វឡើយ ។


ហើយការដឹកជញ្ជូន ក៏មិនត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត នៃច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ និងខុសលក្ខណៈបច្ចេកទេសនៃការវិចខ្ចប់ ដែលធ្វើឲ្យផលិតផលទាំងនេះដែលនាំខូចគុណភាព ប៉ះពាល់សុខភាពប្រជាពលរដ្ឋ បើសិនជាបានធ្លាក់ដល់មាត់អ្នកយកទៅបរិភោគ ។

វត្ថុតាងនៃសំណុំរឿងនេះមុនដុតកម្ទេចចោល ត្រូវយកសំណាកមកវិភាគ រកសារធាតុគីមីដែលបំផ្លាញសុខភាពជាមុនសិន និងក៏ដូចជាកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការនីតិវិធីផងដែរ ។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចពេទ្យសត្វខេត្តនិងអគ្គនាយកដ្ឋានផលិតកម្មសត្វនៃក្រសួងកសិកម្មបានឆ្មក់ចាប់នូវសាច់ និងគ្រឿងក្នុងសត្វជ្រូកបានចំនួន២តោន(២,១១៣​គីឡូក្រាម​) រួចហើយនៅភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕

អត្ថបទដែលជាប់ទាក់ទង